ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបង្ហាញពីការកោតសរសើរចំពោះមិត្តជប៉ុនអំពីប្រើកែវភ្នែកជប៉ុន ។ ដោយសម្តេចអះអាងថា ក្នុងរយៈពេល៣៣ឆ្នាំមកនេះ ការប្រើកែវភ្នែកជប៉ុនសម្តេចមិនដែលឈឺក្បាលនោះទេ ដោយខុសប្លែកមុនពេលប្រើគឺឧស្សាហ៍មានបញ្ហាជាញឹកញាប់។
សម្តេច ត្រូវបានប្រជាពលរដ្ឋខ្មែរគ្រប់គ្នា និងមិត្តបរទេសភាគច្រើនដឹងថា សម្តេចលះបង់ភ្នែកក្នុងភ្នក់ភ្លើងសង្រ្គាមដើម្បីតែបំពេញបំណងក្តីសុខឲ្យកម្ពុជា ។ ការលះបង់ភ្នែកម្ខាងបានធ្វើឲ្យសម្តេចឈឺចុកចាប់ ប៉ុន្តែដើម្បីក្តីសុខពលរដ្ឋកម្ពុជា សម្តេចមិនដែលត្អូញត្អែរនោះឡើយ ។ ចំពោះបញ្ហាភ្នែកនេះ ត្រូវបានសម្តេចបង្ហើបនាព្រឹកថ្ងៃ១ ឧសភា ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន។
សម្រាប់កែវភ្នែកដ៏មានសារៈសំខាន់នេះ ត្រូវបានសម្តេចរៀបរាប់នៅចំពោះមុខឯកអគ្គរដ្ឋទូតជប៉ុនដែលបានចូលរួមជាអធិបតីជាមួយសម្តេចថា មុនប្រើកែវភ្នែកជប៉ុនគឺឧស្សាហ៍តែងតែមានបញ្ហា តែក្នុងពេលជាង៣០មកនេះ ប្រើកែវភ្នែកជប៉ុនមិនដែលធ្វើឲ្យសម្តេចឈឺក្បាលទៀតនោះទេ។ សម្តេចគូសបញ្ជាក់ថា មុនងាកមកប្រើកែវភ្នែកជប៉ុនដែលជាអំណោយរបស់ថ្នាក់ដឹកនាំជប៉ុន គឺជួនកាលភ្នែករូង និងឈឺ ។
សម្តេចក៏បានរំលឹកទៀតថា កាលពីនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្ស៊ិន ស៊ូអាបេ នៅមានជីវិតលោកក៏បានប្រគល់អំណោយភ្នែក៤គ្រាប់ទុករក្សាជូនសម្តេចបន្តនាពេលអនាគតផងដែរ ប៉ុន្តែគ្រាប់ភ្នែកនោះបានហួសសុពលភាពហើយ ប៉ុន្តែទោះបីជា លោក អាបេ ចាកចេញទៅយ៉ាងណាក៏ដោយ ក៏មិត្តជប៉ុនសន្យាថា នឹងផ្តល់គ្រាប់ភ្នែកឲ្យសម្តេចបន្តទៀត ។ ដោយសារកែវភ្នែកដ៏មានតម្លៃរបស់ជប៉ុនេះហើយ ទើបមានអ្នកខ្លះបង្អាប់សម្តេចក្នុងន័យលេងសើចថា សម្តេចមើលទស្សនវិស័យរបស់កម្ពុជាបានវែងឆ្ងាយដោយសារប្រើភ្នែកជប៉ុន។
សម្តេចក៏បានលើកសរសើរទៀតថា “កែវភ្នែកជប៉ុនប្រើទៅស្រួលត្រជាក់ភ្នែក” ។ សម្តេចនាយករដ្ឋមន្រ្តីបន្តថា មុនដាក់ភ្នែករបស់ជប៉ុនគឺសម្តេចបានដាក់ថ្នាំមួយប្រភេទតាមខ្លួនជាប់ជានិច្ច តែដាក់ថ្នាំនោះក៏បានធ្វើឲ្យមានអាលាក់ស៊ីផងដែរដូចជាមានមុន ឈឺឆ្អឺងខ្នងជាដើម៕