ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅយប់ថ្ងៃទី២៩ មេសានេះ បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះកីឡាករកម្ពុជា ដែលទទួលបានជ័យជំនះ ក្នុងការប្រកួតបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កីឡាបាល់ទាត់ (បុរសពូល A) នា រាត្រីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ រវាង កម្ពុជា និង ទីម័រខាងកើត ក្នុងលទ្ធផល (CAM 4-0 TLS) ដែលទើបបានប្រកួតចប់នៅពហុកីឡដ្ឋានជាតិអូឡាំពិកមុននេះបន្តិច។
លើបណ្តាញទំនាក់ទំនងសង្គមរបស់សម្តេច សម្តេចក៏បានជូនពរក្រុមកីឡាករកម្ពុជាឲ្យទទួលបានជោគជ័យក្នុងការប្រកួតជាបន្តទៀតផងដែរ។
សូមជម្រាបថា ក្រុមជម្រើសជាតិបាល់ទាត់ U22 កម្ពុជា រកបាន ៣ពិន្ទុដំបូង ទៅលើក្រុមអាយុក្រោម U22 ទីម័រខាងកើតនេះ បានធ្វើឲ្យក្រុមកម្ពុជាមានពិន្ទុស្មើជាមួយក្រុមឥណ្ឌូនេស៊ី សម្រាប់វិញ្ញាសារបាល់ទាត់ផ្នែកបុរស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ដោយឡែកចំពោះការប្រកួតទី២ ស្ថិតក្នុងពូល A របស់ក្រុមម្ចាស់ផ្ទះ U22 កម្ពុជា ត្រូវជួបក្រុមហ្វីលីពីន នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នាវេលាម៉ោង ៧៖០០នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិកនេះដដែល៕