ក្បួនដង្ហែព្រះអគ្គិជ័យកីឡាដល់កំពង់ចាម ក្នុងគោលដៅឆ្ពោះមកភ្នំពេញ

ភ្នំពេញ ៖ ក្បួនដង្ហែព្រះអគ្គិជ័យកីឡា នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ មកដល់ខេត្តកំពង់ចាមហើយនារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងដំណើរឆ្ពោះទៅកាន់រាជធានីភ្នំពេញ ក្រោមការទទួលស្វាគមន៍ពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមទាំងថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋរាប់ពាន់នាក់ផងដែរ។

អាជ្ញាធរខេត្តកំពង់ចាម បានជ្រើសយកទីតាំងវិមានឯករាជ្យ ក្នុងក្រុងកំពង់ចាម ជាកន្លែងប្រារព្ធពិធី ទទួលព្រះអគ្គិជ័យកីឡា នារសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣ ។ បន្ទាប់មក ពិធីរត់ដង្ហែបន្តដំណើរចាប់វិមានឯករាជ្យ ក្រុងកំពង់ចាម តាមផ្លូវជាតិលេខ៦ និងលេខ៧ ចម្ងាយ ៨១,២០គីឡូម៉ែត្រ ឆ្លងកាត់ក្រុងចំនួន១ ស្រុកចំនួន៤ ក្នុងនោះ មានក្រុងកំពង់ចាម , ស្រុកកំពង់សៀម , ស្រុកព្រៃឈរ , ស្រុកជើងព្រៃ និងស្រុកបាធាយ ។

ពិធីដង្ហែព្រះអគ្គិជ័យកីឡានេះ សម្រាប់ក្រុងកំពង់ចាម គឺខាងគណៈកម្មការភ្លើងគប់ខេត្ត បានរៀបចំឲ្យស្នងការនាំមុខ អាវុធហត្ថខាងក្រោយ បន្ទាប់ព្រះសង្ឃ មន្ត្រីរាជការសាលាខេត្ត រថយន្តពេទ្យ-រថយន្តក្រុមឆៃយ៉ាំ-មន្ត្រីមន្ទីរ-អង្គភាពជុំវិញខេត្ត-លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស-យុវជនសសយក យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និងប្រជាពលរដ្ឋចំនួន១២០០អង្គ/នាក់ ។

សម្រាប់ស្រុកកំពង់សៀម រៀបចំ៣ទីតាំង ចាប់ពីរង្វង់មូលនាគព័ន្ធ វិទ្យាល័យសម្តេចជួន ណាត និងរង្វង់មូលត្រើង មានមន្ត្រីរាជការ ព្រះសង្ឃ-លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស-យុវជនសសយក យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និងប្រជាពលរដ្ឋជាង ៦,០០០ អង្គ/នាក់។

សម្រាប់ស្រុកព្រៃឈរ រៀបចំ ៣ទីតាំង ដើម្បីស្វាគមន៍ពិធីដង្ហែ ក្នុងនោះមានចំណុច មុខវិទ្យាល័យគន្ធបុប្ផា , មុខវិទ្យាល័យហ៊ុន សែន ព្រៃទទឹង , មុខវិទ្យាល័យស្រេងគីម អ្នករង់ចាំទទួលស្វាគមន៍សងខាងផ្លូវ មានព្រះសង្ឃ-លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស-យុវជនសសយក យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និងប្រជាពលរដ្ឋជាង១ម៉ឺន អង្គ/នាក់ ។

សម្រាប់ស្រុកជើងព្រៃ មាន៣គោលដៅ គឺមុខវិទ្យាល័យស្រេងគីម , មុខវិទ្យាល័យស្គន់ , មុខរោងចក្រកាលីងតុន អ្នករង់ចាំទទួលស្វាគមន៍សងខាងផ្លូវមានព្រះសង្ឃ-លោកគ្រូ-អ្នកគ្រូសិស្សានុសិស្ស-យុវជនសសយក យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និងប្រជាពលរដ្ឋជាង ៣,៥០០ អង្គ/នាក់ ។

សម្រាប់ស្រុកបាធាយ រៀបចំ៣ទីតាំងដែរ ក្នុងនោះមាន ផ្លូវកែងផ្អាវ , មុខសាលាស្រុកបាធាយ , ផ្សារភ្នំដិល, អ្នករង់ចាំទទួលស្វាគមន៍សងខាងផ្លូវមានព្រះសង្ឃ-លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស -យុវជនសសយក យុវជនកាយរិទ្ធយុវជនកាកបាទក្រហម និងប្រជាពលរដ្ឋជាង ៥,០០០ អង្គ/នាក់ ៕