កម្ពុជា សមាជិកអាស៊ីអាគ្នេយ៍ដំបូងបំផុត នៃវេទិកាពាណិជ្ជកម្មអន្តរជាតិ ITF ជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍សម្ពោធគម្រោងការតភ្ជាប់ក្នុងតំបន់អាស៊ី

សៀមរាប៖កម្ពុជា សមាជិកអាស៊ីអាគ្នេយ៍ដំបូងបំផុត នៃវេទិកាពាណិជ្ជកម្មអន្តរជាតិ ITF ជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍សម្ពោធគម្រោងការតភ្ជាប់ក្នុងតំបន់អាស៊ី នៅថ្ងៃទី២៨ មេសា ឆ្នាំ២០២៣ ក្រោមវត្តមាន លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង លោកបណ្ឌិត Young Tae Kim អគ្គលេខាធិការ នៃវេទិកាពាណិជ្ជកម្មអន្តរជាតិ (International Trade Forum – ITF)។

ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា ព្រឹត្តិការណ៍សម្ពោធគម្រោងការតភ្ជាប់ក្នុងតំបន់អាស៊ី(Sustainable Infrastructure Programme in Asia) នាឱកាសនេះ ប្រារព្ធឡើងក្រោមប្រធានបទ “លើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់ សម្រាប់ភូមិភាគអាស៊ីអាគ្នេយ៍” (Enhancing Regional Freight Connectivity for South East Asia)។

ក្រសួងបន្តថា ព្រឹត្តិការណ៍នេះ នឹងបង្ហាញដល់អ្នកចូលរួមនូវ ទិដ្ឋភាពទូទៅនៃទីផ្សារដឹកជញ្ជូនទំនិញក្នុងតំបន់ នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលរួមបញ្ចូលលើ ទិដ្ឋភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទំនិញបច្ចុប្បន្ន ក្របខ័ណ្ឌគោលនយោបាយ បែបផែននៃការដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្ម។ លើសពីនេះ អ្នកចូលរួមក៏អាចធ្វើការស្វែងយល់អំពីផែនការយុទ្ធសាស្ត្រដឹកជញ្ជូនជាតិ និងតំបន់ ដែលមានស្រាប់ ក៏ដូចជាគំនិតផ្តួចផ្តើមលើកកម្ពស់ការតភ្ជាប់អន្តរជាតិផងដែរ។

ថ្លែងនៅក្នុងសុន្ទរកថាបើកកម្មវិធីនាឱកាសនោះ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់ នៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ខណៈនេះយើងកំពុងស្ថិតក្នុងដំណើរការនៃការបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា 2022-2030 (CIT-MP) ដែលក្នុងនោះមានគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងរឹង និងទន់ចំនួន ១៥០ ត្រូវបានដាក់បញ្ចូល ដោយត្រូវការទំហំទឹកប្រាក់វិនិយោគប្រមាណ ៣០ពាន់លានដុល្លារអាមេរិក។

ជាមួយគ្នានេះ លោក ទេសរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ ក៏ដូចជាការពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅក្នុងក្រុងព្រះសីហនុ ទាំងជំហានទី១ ទី២ និងទី៣ ដែលនឹងត្រូវប្រកាសបើកការដ្ឋានជាផ្លូវការនាថ្ងៃទី១ ឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ គម្រោងពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុនេះ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៦ ហើយរំពឹងថានឹងមានសមត្ថភាពអាចទទួលការផ្ទេរផ្ទុកទំនិញអឺរ៉ុបបានដល់៩០%។

លោកបន្តថា គម្រោងសិក្សាសមិទ្ធិលទ្ធភាពត្រូវបានអនុវត្តជាបន្តបន្ទាប់ សំដៅលើកកម្ពស់ការតភ្ជាប់ ដើម្បីឱ្យមានភាពប្រទាក់ក្រឡាពាសពេញផ្ទៃប្រទេស ជាក់ស្តែង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងបើកការដ្ឋាននៅថ្ងៃទី០៧ មិថុនា ២០២៣ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប កំពុងធ្វើការសិក្សា ហើយគ្រោងនឹងបញ្ចប់នៅបំណាច់ខែឧសភា គម្រោងផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត ត្រូវបានសិក្សាលើកកម្រិត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យស្ថាប័នពាក់ព័ន្ធពន្លឿនកិច្ចការនេះ និងស្វែងរកដៃគូវិនិយោគ ហើយបច្ចុន្ននេះមានគម្រោងផ្លូវថ្នល់ជាច្រើន បាននិងកំពុងធ្វើឱ្យប្រសើរឡើង។

ប្រទេសកម្ពុជាគឺជាប្រទេសដំបូងគេ នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ដែលបានចូលរួមជាសមាជិកវេទិកាពាណិជ្ជកម្មអន្តរជាតិ (International Trade Forum – ITF) ក្នុងឆ្នាំ២០២២។ ក្នុងនាមសមាជិក យើងអាចចូលរួមចំណែកចែករំលែក និងរៀនសូត្រពី បណ្ដាសមាជិកប្រទេសអភិវឌ្ឍន៍ នូវបទពិសោធន៍ និងការអនុវត្តល្អៗ ដើម្បីកែលម្អប្រព័ន្ធភ័ស្ដុភារកម្ម និងដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា៕