លោក ប្រាក់ សុខុន ណែនាំឲ្យរៀបចំក្រុមការងារ ស្រាវជ្រាវពីមូលហេតុនៃការស្រុតផ្ទះបាក់ច្រាំង នៅស្រុកស្អាង

កណ្តាល:រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ណែនាំឲ្យរៀបចំក្រុមការងារ ស្រាវជ្រាវពីមូលហេតុនៃការស្រុតផ្ទះបាក់ច្រាំង និងវាយតំលៃពីស្ថានភាពផ្ទះ ឱ្យបានឆាប់រហ័ស នៅស្រុកស្អាង ខេត្តកណ្តាល។

ការណែនាំនេះធ្វើឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក្នុងពេលលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្អាង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល ចុះពិនិត្យនិងសួរសុខទុក្ខគ្រួសារប្រជាពលរដ្ឋ២១គ្រួសារ ស្មើនឹង៤០ខ្នងផ្ទះដែលរងផលប៉ះពាល់ដោយសារស្រុតផ្ទះ និងបាក់ច្រាំងតាមដងទន្លេរបាសាក់ នៅភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ។

ក្នុងឱកាសចុះពិនិត្យ និងសួរសុខទុក្ខ លោក ឧបនាយករដ្ឋមន្ត្រីស្នើ ឱ្យអជ្ញាធរ ត្រូវយកចិត្តទុកដាក់ពីសុវត្ថិភាពអាយុជីវិត ជួយសង្គ្រោះ និងការពារបញ្ចៀសកុំឱ្យមានការរងគ្រោះដល់អាយុជីវិត។

ត្រូវរៀបចំក្រុមការងារស្រាវជ្រាវពីមូលហេតុនៃការស្រុតផ្ទះបាក់ច្រាំង និងវាយតំលៃពីស្ថានភាពផ្ទះ ឱ្យបានឆាប់រហ័ស និងរៀបចំជារបាយការណ៍ជូនថ្នាក់ជាតិ និងជម្រាបជូនគ្រួសារប្រជាពលរដ្ឋដែលរងគ្រោះ។

បើតាមលផកអភិបាលរងខេត្តកណ្តាល ហាក់ សុខមករាបានអោយដឹងថា ការបាក់ស្រុតច្រាំងទន្លេបាសាក់នេះ បណ្ដាលមកពីទឹកទន្លេបានស្រុកចុះទើបបណ្ដាលឱ្យមានការទាញដី ធ្វើឱ្យមានការប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលរស់នៅលើច្រាំងទន្លេ ហើយទម្ងន់ផ្ទះបានដាក់បន្ទុកទៅលើច្រាំង ដែលជាហេតុធ្វើឱ្យមានការបាក់ស្រុតជាជម្រាកៗ៕