ភ្នំពេញ៖ ក្រសួងសុខាភិបាល បានតម្រូវ ឱ្យអ្នកដែល ផ្សព្វផ្សាយលក់ ឱសថសម័យ ឱសថបុរាណ ផលិតផលបំប៉នសុខភាព ឧបករណ៍បរិក្ខារពេទ្យ ផលិតផលជំនួយសុខភាព ឬគ្រឿងសម្អាង ដែលគ្មានច្បាប់អនុញ្ញាតត្រូវស្នើសុំច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងសទី ២១ ខែមេសា ឱ្យដឹងថា ក្រសួងសុខាភិបាល បានពិនិត្យឃើញថា លោក លោកសី ដែលជាម្ចាស់គ្រឹះស្ថានខាងលើភាគច្រើនបានគោរពត្រឹមត្រូវស្របតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន ចំពោះការ ផ្សព្វផ្សាយឱសថសម័យ ឱសថបុរាណផលិតផលបំប៉នសុខភាព ឧបករណ៍បរិក្ខារពេទ្យ ផលិតផលជំនួយសុខភាព ឬ គ្រឿងសម្អាង ដោយបានស្នើសុំច្បាប់អនុញ្ញាតមកក្រសួងសុខាភិបាល នូវរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះតាម គ្រប់រូបភាព។
សេចក្តីជូនដំណឹងនេះបន្តថា ទន្ទឹមគ្នានេះដែរ ក្រសួងសុខាភិបាល បានសង្កេតឃើញថា នៅមានម្ចាស់គ្រឹះស្ថានខាងលើមួយចំនួន អនុវត្តមិនទាន់បានត្រឹមត្រូវនៅឡើយ ដោយមិនបានស្នើសុំច្បាប់អនុញ្ញាតក្នុងការផ្សព្វផ្សាយផលិតផលទាំងនេះ មកក្រសួងសុខាភិបាលនៅឡើយ។
ដើម្បីពង្រឹងការអនុវត្តឱ្យស្របតាមច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ សំដៅទប់ស្កាត់ ការចរាចរឱសថគ្មានលេខទិដ្ឋាការ ឬបញ្ញិកា ឬឱសថក្លែងបន្លំ ឬការផ្សព្វផ្សាយមានខ្លឹមសារមិនត្រឹមត្រូវតាមឯកសារវេជ្ជសាស្ត្រ-ឱសថសាស្ត្រ-ទន្តសាស្ត្រ ដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំពីគុណភាពផលិតផលខាងលើ ក្រសួង សុខាភិបាលបានក្រើនរំលឹកដល់លោក លោកស្រី ត្រូវស្នើសុំច្បាប់អនុញ្ញាតមកក្រសួងសុខាភិបាលមុនពេលធ្វើការ ផ្សព្វផ្សាយឱសថសម័យ ឱសថបុរាណផលិតផលបំប៉នសុខភាព ឧបករណ៍បរិក្ខារពេទ្យ ផលិតផលជំនួយសុខភាព ឬ គ្រឿងសម្អាង តាមគ្រប់មធ្យោបាយ និងតាមគ្រប់រូបភាព ជាអាទិ៍៖ ការប្រជុំតុមូល សិក្ខាសាលា ស្តង់ផ្សព្វផ្សាយពាណិជ្ជកម្ម ក្នុងកម្មវិធីផ្សេងៗ រួមទាំងក្នុងកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈសុខាភិបាលបន្ត ដែលប្រារពធ្វើនៅក្នុងបរិវេណមូលដ្ឋានសុខាភិបាល សាធារណៈ ឬគ្រឹះស្ថានឯកជន ឬការផ្សព្វផ្សាយតាមរយៈខិត្តប័ណ្ណ វិទ្យុ ទូរទស្សន៍ គេហទំព័រ បណ្ដាញទំនាក់ទំនង សង្គមនានា សារព័ត៌មាន ឬទស្សនាវដ្តី ព្រឹត្តប័ត្រវេជ្ជសាស្ត្រ-ឱសថសាស្ត្រ-ទន្តសាស្ត្រ ប័ណ្ណប្រកាសរូបភាព (Poster) មធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ឬតាមមធ្យោបាយផ្សេងៗទៀត។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គ្រឹះស្ថានខាងលើ ឬបុគ្គលណា ដែលនៅតែបន្តផ្សព្វផ្សាយផលិតផលខាងលើ ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ស្របតាមច្បាប់ ស្តីពី ច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕