សម្តេច ហ៊ុន សែន ឲ្យត្រៀមជម្លៀសនិស្សិតខ្មែរ៦នាក់ នៅស៊ូដង់

ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យ លោក អូស្មាន ហាសាន់ ទេសរដ្ឋមន្រ្ដីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា តាមដានពីស្ថានភាព និងត្រៀមជម្លៀសនិស្សិតខ្មែរ-ឥស្លាម ចំនួន៦នាក់ កំពុងស្នាក់នៅស៊ូដង់ខាងត្បូង ព្រោះប្រទេសនេះសង្គ្រាមកំពុងផ្ទុះឡើងខ្លាំង។

ថ្លែងចេញពីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី នាថ្ងៃ២៤ មេសា សម្ដេចបានបង្ហាញអារម្មណ៍ចង់ឲ្យជម្លៀលនិស្សិតខ្មែរ-ឥស្លាមជាមួយប្រជាជនម៉ាឡេស៊ី ព្រោះរដ្ឋាភិបាលម៉ាឡេស៊ី ក៏កំពុងត្រៀមជម្លៀសពលរដ្ឋខ្លួនចេញពីស៊ូដង់ផងដែរ។

សម្ដេច គូសបញ្ជាក់ថា «ខ្ញុំ ទើបទទួលបានព័ត៌មានថា ប្រទេសស៊ូដង់ មានបងប្អូនខ្មែរ-ឥស្លាម របស់យើងជានិស្សិតមានរហូតដល់៦នាក់ដែលកំពុងស្ថិតនៅទីនោះ ហើយកំពុងឲ្យឯកឧត្តម អូស្មាន ហាសាន់ តាមដានកិច្ចការងារនេះឲ្យជាប់ នៅពេលប្រទេសម៉ាឡេស៊ី អាចនឹងជម្លៀសប្រជាជនតាមយន្ដហោះ ឬតាមនាវា គឺសុំអាចចេញដំណើរជាមួយគ្នា ការប្រយុទ្ធគ្នានៅប្រទេសនេះកំពុងតែខ្លាំង»។

 

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ដ្រី លើកឡើងថា សម្រាប់កម្ពុជា គ្មានការប្រយុទ្ធណាមួយកើតឡើងនោះទេ ហើយកម្ពុជាអាចប្រារព្ធពិធីបុណ្យទាន និងបុណ្យចូលឆ្នាំយ៉ាងសប្បាយរីករាយ ដោយសារតែប្រទេសមានសុខសន្តិភាព គ្មានភ្លើងសង្គ្រាម។

យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC ឲ្យដឹងថា ក្រុមបុគ្គលិកទូត និងក្រុមពលរដ្ឋជនជាតិបរទេស ដូចជាអង់គ្លេស អាមេរិក បារាំង និងចិន ជាដើមផងនោះ បាននាំគ្នាចាកចេញពីស៊ូដង់ហើយ តាមផ្លូវអាកាស ក្រោយពេលដែលការវាយប្រហារគ្នា នៅក្នុងប្រទេស បានចាប់ផ្តើមផ្ទុះឡើងសាជាថ្មី ។ គួរឲ្យដឹងដែរថា ជម្លោះដោយយោធាបានផ្ទុះឡើងសាជាថ្មីចូលដល់សប្តាហ៍ទី២មកហើយ រវាងភាគីរដ្ឋាភិបាល និងក្រុមកងកម្លាំងសកម្មប្រយុទ្ធ ប៉ុន្តែបានផ្អាកឈប់បាញ់គ្នា៣ថ្ងៃមុន ពេលចាប់ផ្តើមវិញ កាលពីថ្ងៃ២២ មេសា ៕