សម្តេច ហ៊ុន សែន ៖ បុគ្គលម្នាក់ៗត្រូវធ្វើតេស្តរកកូវីដដោយខ្លួនឯងមុនចូលទស្សនាព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានាល្ងាចថ្ងៃ១៩ មេសានេះ បានលើកឡើងថាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាថ្ងៃ៥ ឧសភា ដែលជាថ្ងៃបើកនោះគឺបុគ្គលម្នាក់ៗអាចធ្វើតេស្តដោយខ្លួនឯងមុនចូលទៅទស្សនាព្រឹត្តិការណ៍ស៊ីហ្គេមនេះ។

តាមរយៈសារជាសំឡេងជាង១០នាទីនាព្រលប់ថ្ងៃ១៩ មេសានេះ សម្តេចបានឡើងសារជាបន្ទាន់មួយ ។ ដោយក្នុងសារនោះសម្តេចក៏បានសង្កត់ធ្ងន់លើព្រឹត្តិការណ៍ស៊ីហ្គេម ខណៈសល់តែជាង១០ថ្ងៃទៀតប៉ុណ្ណោះនឹងឈានចូលដល់ហើយ។

សម្តេច បានឲ្យក្រសួងសុខាភិបាលត្រូវមានវិធានការណ៍ជាមួយព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេមខាងមុខផងដែរ។ សម្តេចថា បើករណីមុន និងពេលប្រារព្ធស៊ីហ្គេមតម្រូវឲ្យធ្វើតេស្តនឹងបង្កើតឲ្យមានករណីធ្ងន់ធ្ងរសម្រាប់ក្រុមគ្រូពេទ្យនិងពលរដ្ឋដែលត្រូវរងចាំចូលទស្សនាអំពីការធ្វើតេស្តរករោគសញ្ញាកូវីដ។

ប៉ុន្តែដើម្បីកុំឲ្យខាតពេលវេលា និងអូសបន្លាយនោះសម្តេចបានបញ្ជាក់ថា “ប៉ុន្តែយើងនឹងទំលាក់បញ្ហានេះ ទៅឲ្យបុគ្គលម្នាក់ៗ ប្រសិនបើសង្ស័យថាខ្លួនមានបញ្ហា(កូវីដ) ហើយខ្លួនអាចធ្វើតេស្តដោយខ្លួនឯងឬរកកន្លែងដែលត្រូវធ្វើតេស្ត ហើយក៏មិនចាំបាច់ចូលទៅកន្លែងប្រារព្ធពិធីដែរ ដើម្បីបង្ការហានិភ័យដែលកើតឡើងដោយសារខ្លួន និងសម្រាប់អ្នកដទៃ”។

សម្តេចក៏សង្ឃឹមថា ក្រោយចេញសារបន្ធូរបន្ថយវិធានការណ៍កូវីដនេះ អ្នកធ្វើការនៅតាមស្ថាប័នរដ្ឋនិងឯកជន ព្រមមទាំងប្រជាពលរដ្ឋនឹងកាត់បន្ថយការចំណាយទៅលើការពាក់ម៉ាក់ និងឧបករណ៍ធ្វើតេស្តជាដើម។ ក្នុងនោះក៏នឹងបន្ថយការប្រើគ្រូពេទ្យផងដែរ៕