សម្ដេច ហ៊ុន សែន រំពឹងថា យុវជននឹងបំបែកឯតទគ្គកម្មពិភពលោក រាំម៉ាឌីហ្សុន ជិត៥ពាន់នាក់ នៅថ្ងៃស្អែក

ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញក្ដីរំពឹងថា យុវជនកម្ពុជា នឹងអាចបំបែកឯតទគ្គកម្មពិភពលោក សម្រាប់ការរាំម៉ាឌីហ្សុន ដោយមានមនុស្សចូលរួមរាំចំនួន ៤៩៩៩នាក់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះ។

នាឱកាសអញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំ២០២៣ រួមជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ សម្ដេច ហ៊ុន សែន បានថ្លែងថា យុវជនកម្ពុជា នឹងនាំគ្នារាំចង្វាក់ម៉ាឌីហ្សុន ពីសំណាក់យុវជនចំនួន ៤៩៩៩នាក់ នៅថ្ងៃស្អែក ដើម្បីបំបែងឯតទគ្គកម្មពិភពលោក។

សម្ដេច គូសបញ្ជាក់ថា «ថ្ងៃស្អែកនេះ នឹងមានការបំបែងឯតទគ្គកម្ម សម្រាប់ការរាំម៉ាឌីហ្សុន ដែលតាមរបាយការណ៍មកថា យើងអាចរាំត្រឹមតែ ៤៩៩៩នាក់ តែប៉ុណ្ណោះ។ បើសិនរាំដល់ ៥០០០នាក់ នឹងមានភាគីទី៣ ដើម្បីចូលរួម មិនមែនរវាង កម្ពុជា ជាមួយនឹង កណត់ត្រាឯតទគ្គកម្មពិភពលោក នោះទេ អញ្ចឹងកំណត់ត្រឹម ៤៩៩៩នាក់ ហើយ ខ្ញុំ រំពឹងថា យុវជនរបស់យើង នឹងអាចធ្វើបាន សម្រាប់ថ្ងៃស្អែក»។

ឆ្លៀតឱកាសនោះ សម្តេច នាយករដ្ឋមន្រ្តី ពិតជាមានការកោតសរសើរយ៉ាងខ្លាំង ចំពោះយុវជនស្ម័គ្រចិត្តកម្ពុជាជាងប្រាំពាន់នាក់ បានចូលរួមរៀបចំនូវព្រឹត្តិការណ៍អង្គរសង្រ្កាន្តនាពេលនេះ បានប្រព្រឹត្តិទៅដោយរលួន ហើយជាងនេះទៅទៀត បានធ្វើឱ្យប្រជាពលរដ្ឋនូវទូទាំងប្រទេស ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរៀបចំបត់ក្រដាសជាបេះដូង ដាក់តាំងបង្ហាញនូវក្នុងបរិវេនអង្គរវត្ត រហូតបំបែកនូវឯតទគ្គកម្មពិភពលោក៕