កម្ពុជាបើកកិច្ចប្រជុំជំរុញការនាំចេញផលិតផលម្រេច

ភ្នំពេញ៖រដ្ឋាភិបាលតាមរយៈក្រសួងពាណិជ្ជកម្ម បាន កិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យពិភាក្សាលើការជំរុញការនាំចេញផលិតផលម្រេចពីកម្ពុជាទៅទីផ្សារអន្តរជាតិ។

កិច្ចប្រជុំខាងលើនេះ ធ្វើឡើងនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣ ដែលដឹកនាំដោយ លោក រាជរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងបង្រ្កាបការក្លែងបន្លំ នាយកដ្ឋានពាក់ព័ន្ធ និងមន្ត្រីជំនាញរបស់នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម។

បើតាមក្រសួងពាណិជ្ជកម្ម កិច្ចប្រជុំនេះមានគោលបំណងសំខាន់ ដើម្បីពិភាក្សាលើការងារពាក់ព័ន្ធនឹងការជំរុញការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដែលជាផលិតផលកសិ-ឧស្សាហកម្មដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលបានចាត់បញ្ចូលក្នុងកន្សោមអាទិភាពនៃផលិតផលដែលមានសក្តានុពល អាចចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ផ្តល់ការងារ បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ។

អង្គប្រជុំ បានពិភាក្សាជាពិសេសលើការលើកកម្ពស់គុណភាពម្រេចរបស់កម្ពុជា ការស្នើសុំវិញ្ញាបនបត្រប្រភពដើមទំនិញ និងការបំពញតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល រួមបញ្ចូលទាំងវិធានអនាម័យនិងភូតគាមអនាម័យ ដើម្បីជំរុញអភិវឌ្ឍនិងនាំចេញផលិតផលម្រេចរបស់កម្ពុជា។
កន្លងមក ក្រសួងពាណិជ្ជកម្មបានខិតខំ និងដឹកនាំចរចាបើកទីផ្សារបន្ថែមថ្មីៗ ជាពិសេសក្នុងឆ្នាំ២០២២កន្លងទៅនេះ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗចំនួន 0៣ បានចូលជាធរមាន រួមមាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ហើយបច្ចុប្បន្នក្រសួងពាណិជ្ជកម្មក៏បាននិងកំពុងដឹកនាំបញ្ចប់ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម៕