ភ្នំពេញ:គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។
អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័ត ដោយកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទី ដោយមានរបៀបវារៈចំនួន៣ គឺ៖
– ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីសារពើពន្ធ។
– ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ។
– ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។