អគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ នឹងបញ្ចប់ការងារសាងសង់តាមកាលកំណត់នៅដំណាច់ខែមិថុនា

ភ្នំពេញ៖ គម្រោងសាងសង់អគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ នឹងបញ្ចប់ការងារសាងសង់តាមកាលកំណត់នៅដំណាច់ខែមិថុនា ឆ្នាំ២០២៣នេះ ខណៈគិតមកដល់ខែមេសា ឆ្នាំ២០២៣នេះ ដំណើរការសាងសង់អគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ សម្រេចបានប្រមាណ ៨០ភាគរយហើយ ធៀបនឹងកិច្ចសន្យា។

ក្នុងកិច្ចប្រជុំតាមដានវឌ្ឍនភាព នៃការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី ៧ ខែមេសានេះលោក សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ តំណាងគណៈកម្មការសាសង់បានរាយការណ៍ថា គណៈកម្មការ បានស្នើសុំក្រុមហ៊ុនជួយបន្លឿនការងារមួយចំនួន ដូចជាប្រក់ដំបូលឱ្យបានមុនភ្លៀងកក់ខែជាដើម។

សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី បានអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារទីស្ដីការថ្មីក្រសួងមហាផ្ទៃកាលពីខែវិច្ឆិកា ឆ្នាំ២០២១។ អគារនេះមានគ្រោងចំណាយប្រាក់ប្រមាណ៦០លានដុល្លារអាមេរិក។

អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី មានទីតាំងនៅអគារចាស់ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានផ្ទៃដីសរុបទំហំ ៥.៦ហិកតា ផ្ទៃក្រឡាសាងសង់សរុបនៃអគារ មានទំហំ ១០៥.៥៤៥ម៉ែត្រការ៉េ កម្ពស់អាគារ ៤៣.៥ម៉ែត្រ។

អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ មានទំហំ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ កម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តក្នុងអគារដែលអាចចតរថយន្តសរុបបានចំនួន ៣៣០គ្រឿង៕