ក្រសួងប្រៃសណីយ៍ និងសាកលវិទ្យាល័យជាតិគ្រប់គ្រងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

ភ្នំពេញ: ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (ស.ជ.គ.) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត។

ពិធីចុះហត្ថលេខាខាងលើនេះធ្វើឡើនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ក្រោមវត្តមានលោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃណីយ៍ ស.ជ.គ. បានជ្រើសរើសប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលជាថ្នាលរបស់រាជរដ្ឋាភិបាល សម្រាប់ផ្ទៀងផ្ទាត់សញ្ញាបត្របរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៃ ស.ជ.គ. ហើយ ក.ប.ទ. ក៏បានគាំទ្រដល់ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងតភ្ជាប់អ៊ីនធឺណិតសម្រាប់ការប្រើប្រាស់ក្នុង ស.ជ.គ. ព្រមទាំងការសហការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងការចែករំលែកចំណេះដឹងនិងបទពិសោធន៍ពាក់ព័ន្ធនឹងគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបច្ចេកវិទ្យាឌីជីថល។

នៅក្នុងឱកាសនេះដែរ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. មានប្រសាសន៍ថា ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់សញ្ញាបត្របរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៃ ស.ជ.គ. អាចចាត់ទុកបានថា ជាសមិទ្ធផលធំថ្មីមួយ បន្ទាប់ពីការដាក់ឱ្យអនុវត្តលើវិញ្ញាបនបត្ររបស់ ក.ប.ទ. និងវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ ហើយ សាកលវិទ្យាល័យជាតិគ្រប់គ្រង គឺជាសាកលវិទ្យាល័យទី១ ដែលបានចូលរួមប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh លើសញ្ញាបត្រកម្រិតឧត្តមសិក្សារបស់ខ្លួន។ ទន្ទឹមនឹងនេះ កិច្ចព្រមព្រៀងនេះ បានបង្ហាញពីកិច្ចសហប្រតិបត្តិការប្រកបដោយស្មារតីបុរេសកម្មរបស់ ស.ជ.គ. ចំពោះការប្រើប្រាស់និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលរបស់គ្រឹះសា្ថនឧត្តមសិក្សា ដើម្បីចូលរួមចំណែកក្នុងការសម្រេចចក្ខុវិស័យកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល។

លោកបន្តថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃសញ្ញាបត្រនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។

ក.ប.ទ. បានជូនដំណឹងដល់គ្រឹះស្ថានអប់រំសាធារណៈ និងឯកជនទាំងអស់ ដែលមានបំណងចង់ប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សូមធ្វើការទាក់ទងមកក្រុមការងារបច្ចេកទេស ក.ប.ទ. តាមរយៈ ទូរសព្ទ Hotline ១២៣ រៀងរាល់ម៉ោងធ្វើការ៕