ស្ពានបេតុងថ្មីនៃគម្រោងគូសាណូណិក្នុងខេត្តក្រចេះ បើកសម្ពោធឱ្យប្រើប្រាស់

ក្រចេះ៖ ស្ពានបេតុងថ្មី ដែលគាំទ្រដោយជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ “គូសាណូណិ” របស់ជប៉ុន ស្ថិតនៅនៅស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ។

ពិធីបើកសម្ពោធប្រារព្វធ្វើឡើង ក្រោមវត្តមាន វ៉ា ថន អភិបាលខេត្តក្រចេះ និងឯកអគ្គរាជទូត អ៊ូអិណុ កាលពី០៦ ខែមីនា ២០២៣។

ស្ពានបេតុងនេះត្រូវបានសាងសង់ជំនួសស្ពានឈើដែលទ្រុឌទ្រោមនៅក្នុងឃុំគោលាប់។ ស្ពាននេះ រួមចំណែកជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជននិងសិស្ស ព្រមទាំងការដឹកជញ្ជូនទំនិញក្នុងស្រុកទៅកាន់ទីផ្សារផងដែរ។

ឯកអគ្គរាជទូត អ៊ូអិណុ សង្ឃឹមថាការអនុវត្តគម្រោងនេះនឹងរួមចំណែកដល់ការពង្រឹងកម្រិតជីវភាពរស់នៅក្នុងសហគមន៍ និង ផ្តល់ឱ្យប្រជាជនមូលដ្ឋាននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ទៅកាន់សាលារៀន មន្ទីរពេទ្យ និងផ្សារ ព្រមទាំងលើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងជប៉ុននិងកម្ពុជាបន្ថែមទៀត៕