ភ្នំពេញ:គណៈកម្មា-ធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បើកកិច្ចប្រជុំក្រោមអធិបតីភាពរបស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធនឹង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ សេចក្តីព្រាងប្រតិទិន និងផែនការមេសម្រាប់ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ និងពិនិត្យសម្រេចលើរបាយការណ៍សង្ខេប ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ គ.ជ.ប ប្រចាំឆ្នាំ២០២២។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចកែសម្រួលខ្លឹមសារមួយចំនួន និងបានឯកភាពជាគោលការណ៍លើឯកសារទាំងនោះរួមមាន៖
១.សេចក្តីអំពាវនាវ ចំនួន ៥ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រួមមាន ៖
– សេចក្តីអំពាវនាវ ចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេស
-សេចក្តីអំពាវនាវ ស្តីពីការត្រៀមខ្លួន និងត្រៀមឯកសារ ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា
-សេចក្តីអំពាវនាវ ពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
-សេចក្តីអំពាវនាវ ចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ ជួយសម្រួលដល់និយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣
-សេចក្តីអំពាវនាវ ស្តីពីការរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោត។
២.ឯកភាពជាគោលការណ៍បញ្ចូលតួលេខចំនួនអ្នកបោះឆ្នោតដែលបានបោះឆ្នោត និងបន្ថែមកូឡោន (Column) ចំនួនលេខរៀងគណបក្ស ក្នុងទម្រង់តារាងកត់ត្រាសំឡេងឆ្នោតតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត (ទម្រង់ ១១០៨) សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
៣.ឯកភាពលើការកំណត់ចំនួនបញ្ជាផលិត និងបោះពុម្ពសន្លឹកឆ្នោត និងសន្លឹកឆ្នោតគំរូ បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
៤.ឯកភាពលើរបាយការណ៍សង្ខេបស្តីពីសកម្មភាព និងលទ្ធផលការងាររបស់គណៈកម្មា- ធិការជាតិរៀបចំការបោះឆ្នោត ប្រចាំឆ្នាំ២០២២។
៥.ឯកភាពលើសេចក្តីព្រាងសេចក្តីសម្រេចស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ប្រតិទិន និងផែនការមេ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។
ក្នុងសេចក្ដីព្រាងសេចក្តីសម្រេចនោះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ ត្រូវបានកំណត់រយៈពេល ៣ខែ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ តាមសេចក្ដីសម្រេចនោះ អ្នកដែលមានអាយុ ១៨ឆ្នាំឡើង គឺត្រូវគិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦)។
ចំពោះបញ្ហាផ្សេងៗ លោកប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍អំពីសកម្មភាពឃោសនាបោះឆ្នោតអសកល ដែលកំពុងប្រព្រឹត្តទៅនៅក្រុង ស្រុក ចំនួន ៥ ដែលទើបបំបែក និងបង្កើតថ្មីថា មិនមានបញ្ហាអ្វីកើតឡើងស្មុគស្មាញទេ។ សម្រាប់សកម្មភាពឃោសនាបោះឆ្នោតសកល នាពេលខាងមុខ ឯកឧត្តមប្រធាន គ.ជ.ប បានណែនាំឯកឧត្តមអគ្គលេខាធិការ គ.ជ.ប ឱ្យពិនិត្យ និងសិក្សាស្រាវជ្រាវ ដើម្បីកំណត់អំពីនិយមន័យ ទម្រង់ ទំហំ និងរូបភាពឃោសនាបោះឆ្នោតឱ្យបានច្បាស់លាស់ ពិសេសសកម្មភាពហែក្បួនឃោសនា និងក្បួនព្យុហយាត្រារបស់គណបក្សនយោបាយ៕