ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌របស់ប្រទេសបារាំងនចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋ ខេត្តព្រះសីហនុ

ព្រះសីហនុ៖ តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌របស់ប្រទេសបារាំងសហការជាមួយគ្រូពេទ្យបង្អែក និងមណ្ឌលសុខភាពខេត្តព្រះសីហនុ ដែលមានគ្រូពេទ្យបារាំង និងគ្រូពេទ្យបង្អែក បានចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋ ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ពីថ្ងៃទី១ ដល់ ៣ខែមេសា ឆ្នាំ២០២៣។

លោកស្រី សាត ធារី អ្នកសម្របសម្រួល និងជានាយកសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា បានលើកឡើងថា នេះជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ពោល គឺការព្យាបាលមិនប្រកាន់បក្ស សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដល់ទីកន្លែង ព្រោះថាបញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ ហើយសកម្មភាពនេះនឹងនៅតែមានជាបន្តបន្ទាប់ទៀត ។

លោកស្រីបន្តថាបេសកកម្មនេះឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ចំពោះបញ្ហាសុខភាពប្រជាពលរដ្ឋនៅមូលដ្ឋានទាំងពីរ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសចូលរួមចំណែកការកាត់បន្ថយសេវាចំណាយព្យាបាល៕