លោក កើត រិទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ អ.អ.ផ.

ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធាននអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ.) ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ អ.អ.ផ. បន្ទាប់ពីក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force-FATF) បានសម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ។ ។

កិច្ចប្រជុំនេះធ្វើឡើងនៅចុងសប្តាហ៍នេះដោមានការអញ្ជើញចូលរួមពី លោកហ៊ុន ម៉ាណែត និងមាជិក-សមាជិកា ក្រុមការងារដែលមានការពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

ក្នុងឱកាសនេះ លោកកើត រិទ្ធបានកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះក្រុមការងាររបស់ក្រសួង-ស្ថាប័ន និងតួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ដែលបានលះបង់អស់ពីកម្លាំងកាយ កម្លាំងចិត្ត បញ្ញាញាណក្នុងការដឹកនាំ គាំទ្រ និងបានផ្តល់កិច្ចសហការយ៉ាងល្អដល់ អ.អ.ផ. និងដែលបានរួមចំណែកក្នុងភាពជោគជ័យក្នុងការដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់ FATF ដើម្បីពង្រឹងបាននូវតម្លាភាព ជំនឿទុកចិត្ត និងភាពរឹងមាំនៃប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា។

ទន្ទឹមនេះ, លោករដ្ឋមន្ត្រី ក៏សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារជាតិ នៃកម្ពុជា ដែលបានផ្តល់ការគាំទ្រពេញលេញទាំងផ្នែកហិរញ្ញវត្ថុ ទាំងផ្នែកធនធានផ្សេងៗ ដល់ អ.អ.ផ. ដែលអនុញ្ញាតឱ្យ អ.អ.ផ. អាចបំពេញបេសកកម្មរបស់ខ្លួនដោយរលូន និងទទួលបានជោគជ័យតាមការរំពឹងទុក៕