សាលាដំបូងខេត្តកំពង់ឆ្នាំងស្នើឱ្យសារព័ត៌មាន “Kulen Daily News”ធ្វើការកែ តម្រូវនូវខ្លឹមសាររបស់ខ្លួនឡើងវិញ

កំពង់ឆ្នាំ៖ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំងបានចេញសេចក្តីថ្លងការណ៍ ស្នើឱ្យសារព័ត៌មាន “Kulen Daily News”ធ្វើការកែតម្រូវនូវខ្លឹមសាររបស់ខ្លួនឡើងវិញ ពាក់ព័ន្ធនឹងការចុះផ្សាយថា លោក គឹម រ័ត្នណារិន ប្រធានតុលាការខេត្តកំពង់ឆ្នាំង យកលុយជនល្មើស ឈ្មោះ ម៉ុន សុខជា ៣០.០០០ $ ជាថ្នូរនឹងការដោះលែងជនត្រូវចោទឈ្មោះ ម៉ុន សុខជា ព្រមទាំងបញ្ឈប់ការចែកចាយព័ត៌មាននេះ ជាបន្ទាន់ ដើម្បីជៀសវាង កុំឱ្យមានការបន្ដយល់ច្រឡំមកលើថ្នាក់ដឹកនាំសាលាដំបូងខេត្តកំពង់ឆ្នាំង។

សេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី ៣១ ខែមីនា ឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅលើបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម (Telegram) មួយឈ្មោះថា គ្រុបព័ត៌មាន “Kulen Daily News” ដោយមានឈ្មោះ ម៉ុន សុភា ជាអ្នកចែកចាយ, បានបង្ហោះសារដែលមានខ្លឹមសារ និង អត្ថន័យសង្ខេបថា “អុញនោះ បែកធ្លាយព័ត៌មានលោក គឹម រ័ត្នណារិន ប្រធានតុលាការខេត្តកំពង់ឆ្នាំង យកលុយជនល្មើស ឈ្មោះ ម៉ុន សុខជា ៣០.០០០ $ ជាថ្នូរនឹងការដោះលែងជនត្រូវចោទឈ្មោះ ម៉ុន សុខជា ខណៈពេលដែលសមត្ថកិច្ចខំតាម ចាប់, ព្រមទាំងពេលសុំរថយន្តទារលុយ ៥.០០០$ បន្ថែមទៀត ដែលទង្វើនេះធ្វើឱ្យឈ្មោះ ម៉ុន សុខជា ដើរខ្ចីប្រាក់គេ អស់ជាច្រើន តែសំណុំរឿងនៅមិនទាន់ចប់”។

សេចក្តីថ្លែងការណ៍នេះបន្តថា ចំពោះករណីខាងលើនេះ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំង សូមធ្វើការបញ្ជាក់ជូនខាងក្រោម៖ ១-កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចខ្សាច់ស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ឈ្មោះ ម៉ុន សុខជា បានទៅដកបំផ្លាញបង្គោលរបងនៅលើដីរបស់ឈ្មោះ គ្រុយ ថាវីន អស់ចំនួន ១០ ដើម និងបាន ហាមឃាត់មិនឱ្យកម្មកររបស់ឈ្មោះ គ្រុយ ថាវីន ដាំបង្គោលរបងនៅលើដីនោះថែមទៀត។ កន្លងមក អំឡុងឆ្នាំ២០២១ ឈ្មោះ ម៉ុន សុខជា ក៏ធ្លាប់បានទៅដកបង្គោលរបង រុះរើលួសបន្លា និងរុះរើតូបយាមនៅលើដីខាងលើម្តងដែរ។

បើតាមសេក្តីថ្លែងការណ៍ដដែល ករណីនេះ តាមបណ្ដឹងរបស់ឈ្មោះ គ្រុយ ថាវីន, តំណាងអយ្យការ បានសម្រេចចោទប្រកាន់ជនត្រូវចោទឈ្មោះ ម៉ុន សុខជា ភេទ ប្រុស អាយុ៤៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ននៅផ្ទះលេខ១២អា ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមដីកាសន្និដ្ឋានបញ្ចូនរឿងឱ្យស៊ើបសួរ ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ពីបទ ប្រើអំពើហិង្សាលើអ្នកកាន់ កាប់អចលនវត្ថុដោយសុចរិត និងធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅចំណុចខ្សាច់ស ស្ថិតនៅឃុំក្រាំងល្វា ស្រុក សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោសតាម មាត្រា២៥៣ នៃច្បាប់ភូមិបាល និងមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ។

២-បន្ទាប់ពីចៅក្រមស៊ើបសួរ ទទួលបានសំណុំរឿងរួចមក ចៅក្រមពិនិត្យឃើញថា ទីតាំងដីខាងលើ គឺមិនទាន់ មានប្លង់រឹងនៅឡើយ ទាំងជនត្រូវចោទ និងដើមបណ្តឹងរដ្ឋប្បវេណី គឺមានត្រឹមតែកិច្ចសន្យាលក់ផ្តាច់ និងអះអាងអំពី កម្មសិទ្ធិលើដីតែមួយរៀងៗខ្លួន ដែលអង្គហេតុនេះមិនទាន់អាចមានមូលដ្ឋាននៃភស្តុតាងគ្រប់គ្រាន់ទាក់ទងនឹងបទល្មើស ប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុ ឬធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់ភាគីណាមួយនៅឡើយ ដែលការណ៍នេះ ចៅក្រមស៊ើបសួរ បាននិងកំពុងបន្តស្វែងរកការពិតបន្ថែមទៀត។

ម្យ៉ាងទៀតដើម្បីធានាការចាត់ការសំណុំរឿងនេះឱ្យបាន ត្រឹមត្រូវស្របតាមមាត្រា២០៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ, ចៅក្រមស៊ើបសួរសម្រេចមិនឃុំខ្លួនជនត្រូវចោទជាបណ្តោះអាសន្ន ដោយបានសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ តាមមាត្រា២២៣ នៃក្រមនីតិវិធី ព្រហ្មទណ្ឌ។

៣-ចំពោះការចោទប្រកាន់ទៅលើឯកឧត្តមប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង គឺជាការចោទប្រកាន់បំផ្លើស មួលបង្កាច់ ខុសពីការពិតទាំងស្រុង ដោយហេតុថា ឯកឧត្តមប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង មិនធ្លាប់ស្គាល់ ឬជួបមុខ ឈ្មោះ ម៉ុន សុខជា ឬក្រុមគ្រួសារ សាច់ញាតិ របស់ឈ្មោះ ម៉ុន សុខជា ម្តងណាឡើយ។ prey
៤-ការផ្សព្វផ្សាយព័ត៌មានដោយគ្មានមូលដ្ឋានខាងលើនេះ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស, សេចក្ដីថ្លៃថ្នូរ, ធ្វើ ឱ្យមានការយល់ច្រឡំយ៉ាងធ្ងន់ធ្ងរ ដល់ថ្នាក់ដឹកនាំសាលាដំបូងខេត្តកំពង់ឆ្នាំង, ព្រមទាំងបានធ្វើឱ្យបាត់បង់ជំនឿទុកចិត្ត ពីសាធារណជន មកលើសាលាដំបូងខេត្តកំពង់ឆ្នាំង ថែមទៀតផង។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំង បានក្រើនរំឮកដល់ គ្រុបព័ត៌មាន “Kulen Daily News” ដោយមានឈ្មោះ ម៉ុន សុភា ជាអ្នកចែកចាយ, ឱ្យធ្វើការកែ តម្រូវនូវខ្លឹមសាររបស់ខ្លួនឡើងវិញ ព្រមទាំងបញ្ឈប់ការចែកចាយព័ត៌មានខាងលើរបស់ខ្លួនជាបន្ទាន់ ដើម្បីជៀសវាង កុំឱ្យមានការបន្ដយល់ច្រឡំមកលើថ្នាក់ដឹកនាំសាលាដំបូងខេត្តកំពង់ឆ្នាំង ក៏ដូចជាស្ថាប័នសាលាដំបូងខេត្តកំពង់ឆ្នាំង តទៅទៀត។ ក្នុងករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ សាលាដំបូងខេត្តកំពង់ឆ្នាំង នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ទៅតាមនីតិវិធីច្បាប់ជាធរមាន៕