សម្តេច ហ៊ុន សែន ហាមមិនឲ្យយកលុយចំពោះការទស្សនាការប្រកួតស៊ីហ្គេម

ភ្នំពេញ៖ សម្តេច ហ៊ុន​ សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជាសាធារណៈមិនឲ្យយកលុយដាច់ចំពោះការទស្សនាទាំងក្នុងពិធីបើក និងបិទស៊ីហ្គេមដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។​ ក្នុងនោះសម្តេចក៏គូសបញ្ជាក់សង្កត់ធ្ងន់ថា ក្នុងអំឡុងប្រកួតកីឡាស៊ីហ្គេមនិងប៉ារ៉ាហ្គេមក្នុងជិត១ខែខាងមុខ គឺទស្សនាដោយសេរីមិនលក់សំបុត្រយកលុយឡើយ។

សម្តេចថា កម្ពុជាបានចំណាយលុយយ៉ាងសន្ធឹកសន្ធាប់សម្រាប់ការប្រកួតស៊ីហ្គេមជាង១០០លានដុល្លារនេះ គឺបានរងចាំជាង៤០ឆ្នាំហើយ ដូច្នេះមិនយកលុយពីពលរដ្ឋទេ ។ ដោយសម្តេចថា បើអ្នកចង់បានលុយពីពលរដ្ឋពេលទស្សនាស៊ីហ្គេមគឺមកយកពីសម្តេចមក។

សម្តេចក៏បានសម្តែងការហួសចិត្តចំពោះក្រុមមន្រ្តីមួយក្រុមរបស់សម្តេចដែលប្រកាសយកលុយពីអ្នកចូលទស្សនា ។ នេះបើតាមសារជាសំឡេងរបស់សម្ដេចនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

ការទទួលដំណឹងយកនេះសម្តេចថា គឺទទួលបានទទួលព័ត៌មានតាមរយៈសម្ដេច ទៀ បាញ់ ថា មានការផ្សព្វផ្សាយទាក់ទងទៅនឹងការលក់សំបុត្រចូលទស្សនាពិធីបើក និងពិធីបិទស៊ីហ្គេម។

សម្តេចក៏បានបញ្ជាក់ថា «ដូច្នេះខ្ញុំមិនយល់ព្រមដាច់ខាតឲ្យមានការលក់សំបុត្រទាំងពិធីបើក បិទ និងការប្រកួតកីឡាផ្សេងៗក្នុងរយៈពេលការប្រកួតស៊ីហ្គេម »។

សម្តេចបានបញ្ជាក់ថា «ខ្ញុំមិនយល់ព្រមដាច់ខាតជាមួយនឹងការធ្វើបែបនេះ ដោយឮតាមការផ្សព្វផ្សាយតាមគេហទំព័រផ្នែកកីឡាដែលមិនមានការអនុញ្ញាតណាមួយពីសម្តេចពិជ័យសេនា ទៀ បាញ់ និងកាន់តែគ្មានការអនុញ្ញាតពីខ្លួនខ្ញុំ ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះខ្ញុំសូមដាក់ចេញបទបញ្ជា ទីមួយ មិនឲ្យមានការលក់សំបុត្រទាំងចូលពិធីបើក និងពិធីបិទស៊ីហ្គេម ។ ទីពីរ សូមបងប្អូនចូលទស្សនាដោយសេរីគ្មានការបង់ប្រាក់ និងទីបី ចំពោះការប្រកួតគ្រប់វិញ្ញាសានានា ក៏មិនត្រូវបានបង់ថ្លៃណាមួយនោះឡើយ »។

សម្តេចក៏បានបញ្ជាក់បន្ថែមថា ក្រុមអ្នកទទួល បើធ្វើខុសពីបទបញ្ជា គឺត្រូវទទួលខុសត្រូវចំពោះនាយករដ្ឋមន្ត្រី និងចំពោះមុខច្បាប់ ។

ជាមួយគ្នានោះដែរ សម្តេចបានអះអាងថា ទម្រាំអាចធ្វើជាម្ចាស់ស៉ីហ្គេមនេះបានគឺរងចាំរយៈ៤៤ឆ្នាំមកហើយ៕