ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈបានសម្រេច ប្រគល់សិទ្ធិជូនលោកស្រី គាត គឹមលន ដើម្បីគ្រប់គ្រងលើស្នាដៃតូរ្យតន្ត្រីចំនួន៤បទ ដែលជាស្នាដៃនិពន្ធបទភ្លេងនិងទំនុកច្រៀងដោយលោក គង្គ ប៊ុនឈឿន ដែលរួមមាន ស្ពានកំពង់លួង ម្លប់ដើមស្រឡៅ សែនឈឺចិត្ត និងបទប្រពន្ធខាំញ៉េច។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈកាលពីថ្ងៃទី ២៩ ខែមីនា ឱ្យដឹងថា ក្នុងពេលកន្លងមកនេះ ក្រសួងបានទទួលសំណើពីលោកស្រី គាត គឹមលន សុំសិទ្ធិគ្រប់គ្រងលើស្នាដៃតូរ្យតន្ត្រីគ្មានអ្នកទទួល មរតកឬគ្មានមរតកសាសន៍ នូវបទចម្រៀងដែលជាស្នាដៃនិពន្ធរបស់ លោក គង្គ ប៊ុនឈឿន ជាស្វាមី។
សេចក្តីជូនដំណឹងនេះបន្តថា ឆ្លងតាមការសិក្សាស្រាវជ្រាវក្រសួងបានពិនិត្យឃើញថាបទចម្រៀងចំនួន ៤បទ ដែលមានចំណងជើងដូចជា៖ ១.ស្ពានកំពង់លួង ២.ម្លប់ស្នេហ៍ដើមសឡៅ ៣.សែនឈឺចិត្ត ៤.ប្រពន្ធខាំញេច ជាស្នាដៃនិពន្ធបទភ្លេងនិងទំនុកច្រៀងដោយលោក គង្គ ប៊ុនឈឿន នឹងប្រគល់ សិទ្ធិជូនលោកស្រី គាត គឹមលន ដើម្បីគ្រប់គ្រងលើស្នាដៃតូរ្យតន្ត្រីទាំងនេះតាមសំណើ។
បើតាមដំណឹងនេះ រាល់ភាគីពាក់ព័ន្ធទាំងអស់ ដែលមានបំណងចង់ប្តឹងជំទាស់នឹងការស្នើសុំសិទ្ធិគ្រប់គ្រងនូវបទចម្រៀងខាងលើ អាចដាក់ពាក្យបណ្តឹងមក នាយកដា្ឋនសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានអាសយដ្ឋាន អាគារលេខ២២៧ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ សម្រាប់រយៈពេលនៃការដាក់ពាក្យប្ដឹងជំទាស់ គឺមានសុពលភាពរយៈពេល ០១(មួយ)ខែ គិតចាប់ពី ថ្ងៃជូនដំណឹងនេះតទៅ៕