លោក ស៊ីម សុខខេង ៖ កម្ពុជាបានសម្រួលរបបពាណិជ្ជកម្មក្រៅប្រទេសរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធិភាព

ភ្នំពេញ៖ លោក ស៊ីម សុខខេង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មថ្លែងថា ដោយទទួលស្គាល់អំពីតួនាទីសំខាន់នៃ “សេរីភាវូបនីយកម្មពាណិជ្ជកម្ម” ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច កម្ពុជាបានសម្រួលរបបពាណិជ្ជកម្មក្រៅប្រទេសរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធិភាព ដោយបានធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងសកល តាមរយៈការចូលជាសមាជិកអាស៊ាន ១៩៩៩ និងអង្គការពាណិជ្ជកម្មពិភពលោក នៅឆ្នាំ ២០០៤ ។

ការថ្លែងរបស់លោក ស៊ីម សុខខេង ខាងលើនេះ ធ្វើឡើងក្នុងពេលលោកចូលរួមធ្វើជាអធិបតីក្នុងអង្គសិក្ខាសាលាថ្នាក់ជាតិស្តីពី “ការចរចាពាណិជ្ជកម្មសេវាកម្មក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO)៖ ផ្នែកសំខាន់ៗ និងវឌ្ឍនភាពថ្មីៗ” ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

លោកបន្តថា ចំពោះសេរីភាវូបនីយកម្មពាណិជ្ជកម្មសេវាកម្ម កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្មនៅពេលចូលជាសមាជិកអាស៊ានក្នុងឆ្នាំ ១៩៩៩។ បន្ទាប់មកទៀតការចូលជាសមាជិកពាណិជ្ជកម្មពិភពលោក នៅឆ្នាំ ២០០៤ កម្ពុជាបានធ្វើសេរីភាវូបនីយកម្មអនុវិស័យចំនួន ៩៤ លើវិស័យសំខាន់ៗចំនួន ១១ ដូចជា (១) សេវាកម្មអាជីវកម្ម (២) សេវាទំនាក់ទំនង (៣) សេវាកម្មសំណង់ និងវិស្វកម្មពាក់ព័ន្ធ (៤) សេវាចែកចាយ (៥) សេវាអប់រំ (៦) សេវាបរិស្ថាន (៧) សេវាហិរញ្ញវត្ថុ (៨) សេវាសុខភាព និងសង្គម (៩) សេវាកម្មទាក់ទងនឹងទេសចរណ៍ និងការធ្វើដំណើរ (១០) សេវាកម្សាន្ត វប្បធម៌ និងកីឡា និង (១១) សេវាកម្មដឹកជញ្ជូន។

លោកបន្ថែមថា ដើម្បីបង្កើនលំហូរសេរីនៃសេវាកម្មក្នុងអាស៊ាន កម្ពុជាបានចុះហត្ថលេខាលើកញ្ចប់ទី ១០ នៃកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីសេវាកម្មក្នុងឆ្នាំ ២០១៨ ដែលបានពង្រីកសេរីភាវូបនីយកម្មពាណិជ្ជកម្មរបស់ខ្លួនកាន់តែស៊ីជម្រៅជាងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទាក់ទងនឹងវិសាលភាព ការគ្របដណ្តប់ និងកម្រិតនៃការប្តេជ្ញាចិត្តនៃកិច្ចព្រមព្រៀង។ នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានបូក១ កម្ពុជាមិនបានធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មសេវាកម្មលើសពីកម្រិតអង្គការពាណិជ្ជកម្មរបស់ខ្លួនទេ ខណៈពេលដែលមានតែអនុវិស័យថ្មីមួយចំនួនប៉ុណ្ណោះដែលត្រូវបានបើកដោយមានកម្រិតនៃការប្តេជ្ញាចិត្តក្រោមកិច្ចព្រមព្រៀងតំបន់អាសិប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន។

លោក បញ្ជាក់ទៀតថា ពាណិជ្ជកម្មសេវាកម្មគឺមានសារៈសំខាន់ដូចគ្នានឹងពាណិជ្ជកម្មទំនិញដែរ នៅពេលនិយាយអំពីកំណើនសេដ្ឋកិច្ច។ យោងទៅតាមស្ថិតិអាស៊ាន ទិន្នន័យវិស័យសេវាកម្មមានចន្លោះពី ៣៨% ទៅ ៦៩% នៃផលិតផលក្នុងស្រុកសរុប(GDP) របស់ប្រទេសសមាជិកអាស៊ាន។ ប្រទេសកម្ពុជា ពាណិជ្ជកម្មសេវាកម្មបានរួមចំណែក ផលិតផលក្នុងស្រុកសរុប GDP ច្រើនជាង ៤០% នៃសេដ្ឋកិច្ចជាតិរបស់យើង៕