កំពង់ធំ៖ ស្ពានឆ្លងស្ទឹងសែន ដែលជាអំណោយរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតនៅភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ នឹងសម្ពោធកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៦ ខែមីនាឆ្នាំ ២០២៣ ខាងមុខនេះ។ នេះ បើតាមលទ្ធផលនៃការចុះពិនិត្យទីតាំងជាក់ស្តែងរបស់ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។
លោក គៀង សេងគឺ មេឃុំត្បូងក្រពើ បានលើកឡើងថា ស្ពានបេតុងឆ្លងស្ទឹងសែន ដែលបានសាងសង់រួចរាល់ជាស្ថាពរនាពេលនេះមានប្រវែង១៨០ម៉ែត្រ ទទឹង៨,៨ម៉ែត្រ កម្ពស់ ១២,២ម៉ែត្រ សសរស្ពានមានចំនួន ៣០ដើម សសរបង្កាន់ដៃស្ពានចំនួន ១៣២ដើម និងកម្ពស់ បង្កាន់ដៃស្ពាន១,៣ម៉ែត្រ (បូកទាំងឃឿន)។
លោកបន្តថា ស្ពាននេះ ជាចំណុចតភ្ជាប់រវាងភូមិ កាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ទៅឃុំព្រៃ គុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សម្រាប់សម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ មានភាពងាយស្រួល និងមានសុវត្ថិភាព ក្នុងការដឹកជញ្ជូនផលិតផលផ្សេងៗនៅក្នុង មូលដ្ឋាន។
លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំថ្លែងថា ស្ពានបេតុងឆ្លងស្ទឹងសែន ដែលបានសាងសង់ រួចរាល់ជាស្ថាពរនាពេលនេះ ដោយមានការយកចិត្តទុកដាក់ពីសម្ដេច ហ៊ុន សែន និងសម្ដេច ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចទាំងទ្វេតែងតែគិតគូរពីសុវត្ថិភាពក្នុង ការធ្វើដំណើររបស់បងប្អូនជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ លោក អភិបាលខេត្តរូបនេះ បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវតែចូលរួមថែរក្សានៅ ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលមាននៅក្នុងសហគមន៍ ដែលជាសារៈប្រយោជន៍ដល់បងប្អូន ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ដើម្បីកាត់បន្ថយការចំណាយផ្សេងៗ។ សមិទ្ធផលមួយចំនួន ដែលកើតចេញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យមាន ការរីកចម្រើនជាលំដាប់ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
ពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានឆ្លងស្ទឹងសែននេះ ត្រូវបានធ្វើឡើងកាលពី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមវត្តមាន លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ៕