ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានអះអាងថា នៅឆ្នាំ២០២២ សេដ្ឋកិច្ចពិភពលោកមានការខាតបង់ប្រមាណ ៣១៣ ប៊ីលានដុល្លារប្រហាក់ប្រហែលនឹង ០,៣% នៃផ.ស.សពិភពលោក ដោយសារគ្រោះមហន្តរាយធម្មជាតិ។
យោងតាមសេចក្តីជូនដំណឹង ស្តីពីសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១០ ឆ្នាំ២០២៣ ស្ដីពី ”ហានិភ័យអាកាសធាតុ និងអន្តរកាលឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង” របស់ធនាគារជាតិកម្ពុជា នៅថ្ងៃ១៥ មីនា បានឲ្យដឹងថា “ការប្រែប្រួលអាកាសធាតុបានកើតឡើងកាន់តែញឹកញាប់ និងបានបង្កជាហានិភ័យសង្គម សេដ្ឋកិច្ចចម្បងមួយ។ ក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចពិភពលោកមានការខាតបង់ប្រមាណ ៣១៣ ប៊ីលានដុល្លារ ប្រហាក់ប្រហែលនឹង ០,៣% នៃផ.ស.សពិភពលោក ដោយសារគ្រោះមហន្តរាយ ធម្មជាតិ” ។
ប្រភពថា ការប្រែប្រួលអាកាសធាតុបានក្លាយជាប្រធានបទយ៉ាងសំខាន់ទាំងក្នុងក្របខណ្ឌជាតិ និង អន្តរជាតិ។ កម្ពុជាបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការពារបរិស្ថាន និងទប់ស្កាត់ការប្រែប្រួល អាកាសធាតុ ទាំងនៅក្នុងប្រទេស ព្រមទាំងក្របខណ្ឌ ពិភពលោកនិងតំបន់ ។ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តផែនការយុទ្ធសាស្ត្រការប្រែប្រួលអាកាសធាតុឆ្នាំ២០១៤-២០២៣ ដើម្បីកំណត់ទស្សនវិស័យ សម្រាប់កម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង។
ជាមួយគ្នានោះដែរ ធនាគារជាតិនៃកម្ពុជាបានវិនិយោគមួយផ្នែកនៃទុនបម្រុងរបស់ខ្លួន លើសញ្ញាប័ណ្ណបៃតង និងបានក្លាយជាសមាជិកនៃគណៈកម្មការមូលនិធិសញ្ញាប័ណ្ណបៃតងក្នុងតំបន់អាស៊ី។ អន្តរកាលឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង ត្រូវបានគេឲ្យនិយមន័យថា ជាការផ្លាស់ប្ដូរសង្គមនិងសេដ្ឋកិច្ច ក្នុងបរិបទនៃការរក្សាចីរភាពបរិស្ថាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយភាពធន់ រក្សាបាននូវសុខុមាលភាពសង្គម និងបង្កើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។
ធនាគារជាតិបានលើកឡើងថា ដើម្បីលើកកម្ពស់ការស្រាវជ្រាវលើបញ្ហាខាងលើ ធនាគារជាតិកម្ពុជាបានជ្រើសរើស ប្រធានបទស្រាវជ្រាវសម្រាប់សន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី១០ ឆ្នាំ២០២៣ ស្តីពី “ហានិភ័យ អាកាសធាតុ និងអន្តរកាលឆ្ពោះទៅ កាន់សេដ្ឋកិច្ចបៃតង”។
បន្ទាប់ពីការស្រាវជ្រាវត្រូវបានបញ្ចប់ ធនាគារជាតិកម្ពុជា នឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី១០ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយលទ្ធផល ស្រាវជ្រាវ និងពង្រឹងបណ្តាញទំនាក់ទំនងក្នុងការងារស្រាវជ្រាវ។ សន្និសីទម៉ាក្រូសេដ្ឋកិច្ចនេះ ក៏មានការចូលរួមពីអ្នកជំនាញ អ្នកស្រាវជ្រាវ និងភាគីពាក់ព័ន្ធជាតិនិងអន្តរជាតិផងដែរ៕