សម្តេច ហ៊ុន សែន គាំទ្រក្រសួងអប់រំដែលណែនាំឲ្យគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន ពង្រឹង និងលើកកម្ពស់ការសិក្សាវប្បធម៌-អរិយធម៌ខ្មែរ

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលបានថ្លែងប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ សេចក្ដីណែនាំរបស់ក្រសួងអប់រំ ដែលឲ្យគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន ពង្រឹង និងលើកកម្ពស់ការសិក្សាវប្បធម៌-អរិយធម៌ខ្មែរ ខណៈពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខិតជិតឈានចូលមកដល់ ។

ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់ នៅថ្ងៃទី១៦មីនានេះ សម្តេច ហ៊ុន សែនថ្លែងថា កាលពីម្សិលមិញនេះ ក្រសួងអប់រំ បានចេញណែនំា សុំឱ្យ លោកគ្រូ អ្នកគ្រូ ផ្ចិតផ្ចង់លើរបាំ និង ល្បែងប្រជាប្រិយ៍មួយចំនួន មានដូចជារំាក្បាច់ រាំសារ៉ាវ៉ាន់ របាំត្រុត បោះអង្គុញ ចោលឈូង និងល្បែងដណ្តើមស្លឹកឈើ និង ទាញព្រាត់ជាដើម ។

សម្តេច ហ៊ុន សែនបញ្ជាក់ថា ចំណុចនេះ គឺជាចំណុចដ៏ល្អ ដែលកម្ពុជាយើងត្រូវពង្រឹងវប្បធម និងប្រពៃណីរបស់ខ្លួនឡើង ព្រោះនៅក្នុងសកលភាវូបនីយកម្មនេះ អត្តសញ្ញាណជាតិងាយនឹងបាត់បង់ ប្រសិនបើ យើងខ្ជីខ្ជា ហើយវាក៏មិនមែនជាការលេងសើចនោះទេ។

សម្តេចថ្លែងថថា «ឥឡូវនេះជាសម័យឌីស្កូ យុវជន គេចូលចិត្តតែឌីស្កូ អ៊ីចឹងគួរតែជំរុញបញ្ហានេះនៅតាមសាលារៀន និងមិនគ្រាន់តែនៅតាមសាលាទេ ព្រោះមិនមានអ្នកទៅចូលឆ្នាំតាមសាលា ប៉ុន្តែក៏គួរតែបង្ហាត់បង្ហាញអំពីក្បួនខ្នាត នេះនៅ តាមសាលាផងដែរ»។

សម្តេចបន្តថា ទោះជាយ៉ាងណា គប្បីមានការតម្រង់ទិសសម្រាប់អ្នកដែលទៅលេងកន្លែងនេះ កន្លែងនោះ ឬតាមវត្តអារាមជាដើម ហើយនៅតាមវិទ្យុ និងទូរទស្សន៍ ក៏អាចជាចំណែក មួយ ក្នុងការជួយផងដែរ ដូចជាការបង្ហាញនៅក្នុងឈុតឆាកដែលបានលេងដូច ជាការបោះអង្គុញចោលឈូង ឬស្តេចចង់ជាដើម។

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៣ បានចេញសេចក្ដីណែនាំមួយឱ្យមានការពង្រឹង និងលើកកម្ពស់ការសិក្សាវប្បធម៌-អរិយធម៌ខ្មែរ ដើម្បីបណ្តុះ និងពង្រឹងស្មារតីស្នេហាជាតិឱ្យកាន់តែខ្លាំងក្លា ព្រមទាំងចូលរួមអភិរក្ស និងលើកកម្ពស់ វប្បធម៌ជាតិខ្មែរឱ្យបានគង់វង្ស និងរីកចម្រើនថែមទៀត៕