ភ្នំពេញ៖ លោក ឈឺន សុធន អភិបាលស្រុកបសេដ្ឋ ត្រូវបានសម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្រេចដកតំណែងចេញពីអភិបាលស្រុកជាផ្លូវការ ក្រោយពីមានអាស្រូវពាក់ព័ន្ធនឹងដីធ្លីក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
យោងតាមអនុក្រឹត្យស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមុខដំណែង ដែលចុះហត្ថលេខា ដោយសម្តេច ហ៊ុន សែន កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៣ ឱ្យដឹងថា នៅក្នុងមាត្រា១ សម្រេចផ្ទេរភារកិច្ចលោក ឈឺន សុធន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលស្រុកបសេដ្ឋ ឲ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ស្ពឺ។
នៅក្នុងមាត្រា២ សម្រេចតែងតាំងលោក សំអឿន សុបញ្ញា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលនៃគណៈអភិបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ (ACU) កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានចេញលិខិតព្រមាន និងប្រាប់ឱ្យលោក ឈឺន សុធន អភិបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ផ្អាកចំពោះការអនុញ្ញាតឱ្យលោកស្រី វន់ ឈើវិនគីអាសាយណាវ ប្រមូលទិញទិញដី ដោយខុសច្បាប់។ ករណីទិញលក់ដីរដ្ឋនេះ មានលោក ស៊ិន សារុន នាយករដ្ឋបាល ជាអ្នករៀបចំយកដីរបស់រដ្ឋ ក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្ត លក់ឲ្យឈ្មួញ៕ ដោយ៖ ពុទ្ធិពល