ក្រុមហ៊ុនចិនដ៏ធំមួយមកពីឡាវនឹងសាងសង់រូបពុទ្ធបដិមាមួយកម្ពស់៨០ម៉ែត្រនៅខេត្តព្រះសីហនុ

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យរបស់ចិនដធំមួយមកពីប្រទេសឡាវបានប្ដេជ្ញាចំពោះភាគីកម្ពុជាថា នឹងមកវិនិយោគបង្កើតផលិតផលទេសចរណ៍ ផ្សព្វផ្សាយពីទេសចរណ៍នៅកម្ពុជា ជំរុញការហោះហើរត្រង់បន្ថែមពីឡាវមកកម្ពុជា ពិសេសក្រុមហ៊ុននឹងសាងសង់រូបពុទ្ធបដិមាមួយកម្ពស់៨០ម៉ែត្រនៅខេត្តព្រះសីហនុ ដើម្បីទាក់ទាញទេសចរឡាវ និងទេសចរចិនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត។

ការប្ដេជ្ញាចិត្តនេះធ្វើឡើងក្នុងជំនួបរវាង លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Wei Qianjiang ប្រធានក្រុមហ៊ុន Alpha Data Technology Lao Sole Co., Ltd និងស្ថានតំណាង ក្រសួងទេសចរណ៍កម្ពុជាប្រចាំនៅប្រទេសឡាវ ដើម្បីពិភាក្សាពីកាជំរុញការផ្សព្វផ្សាយ និងទាក់ទាញទេសចរឡាវ ទេសចរចិនមកទស្សនាកម្ពុជានៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍។

ក្នុងជំនួបខាងលើនោះ លោករដ្ឋមន្ត្រី ថោង ខុន ថា កម្ពុជាជាគោលដៅទេសចរណ៍ ដែលអាចទាក់ទាញទេសចរឡាវ និងទេសចរចិនដែលមកតាមរថភ្លើងពីប្រទេសចិន និងបានស្នើឲ្យស្ថានតំណាងក្រសួងទេសចរណ៍កម្ពុជាប្រចាំនៅប្រទេសឡាវ ធ្វើយ៉ាងណាជំរុញការផ្សព្វផ្សាយ និងសហការជាមួយផ្នែកឯកជនដើម្បរៀបចំលក់កញ្ចប់ទស្សនកិច្ចសម្រាប់ទេសចរឡាវ និងទេសចរចិនមកទស្សនារាជធានីភ្នំពេញ ខេត្តសៀមរាប និងតំបន់សមុទ្រដែលអាចទាក់ទាញទេសចរឡាវច្រើន ព្រោះប្រទេសឡាវពុំមានសមុទ្រនោះទេ។

ជាមួយគ្នានេះ លោក ថោង ខុន ក៏បានស្នើឲ្យ លោក Wei Qianjiang ជួយជំរុញការហោះត្រង់ពីប្រទេសឡាវមកកាន់ខេត្តព្រះសីហនុផងដែរ។ ជាការឆ្លើយតប លោក Wei Qianjiang បានសន្យាថានឹងជួយជំរុញឱ្យក្រុមហ៊ុន Cambodia Airways ពង្រីកមានការហោះហើរត្រង់មកកម្ពុជាបន្ថែម និងបានសន្យាថានឹងរៀបចំផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជានៅប្រទេសឡាវឲ្យបានខ្លាំងក្លា និងមានប្រសិទ្ធភាពជាងនេះ។

លោកបន្ថែម ថា ក្រុមហ៊ុន Alpha Data Technology Lao Sole របស់លោកគ្រោងនឹងសាងសង់រូបពុទ្ធបដិមាមួយកម្ពស់៨០ម៉ែត្រនៅខេត្តព្រះសីហនុ ដែលអាចទាក់ទាញទេសចរទាំងក្នុងនិងក្រៅស្រុក ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងប្រតិបត្តិការលើការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនៅប្រទេសឡាវ និងវិនិយោគលើវិស័យអចលនវត្ថុ ហើយពិសេសទៀតនោះក៏ជាក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍ធំមួយផងដែរ៕ ដោយ៖ ពុទ្ធិពល