ភ្នំពេញ ៖ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូង ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ក្នុងការរៀបចំក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា និងខែមិថុនា ខាងមុខនេះ ហើយការប្រើប្រាស់ ឧបត្ថម្ភ ចែកចាយ និងផ្សព្វផ្សាយបារី ព្រមទាំងបារីអេឡិចត្រូនិក (វេប) ត្រូវបានហាមឃាត់ទាំងស្រុង ក្នុងព្រឹត្តិការណ៍នេះផងដែរ។
ក្នុងសន្និសីទសារព័ត៌មានស្តីពី «កីឡាគ្មានថ្នាំជក់» នាថ្ងៃ២ កុម្ភៈ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា «ហាមឃាត់ការប្រើប្រាស់ផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក (វេប) នៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិ ទីលានប្រកួតកីឡា និងតំបន់ស្នាក់នៅហូបចុករបស់ប្រតិភូកីឡា ត្រូវបានហាមឃាត់ការលក់ ការចែកចាយ និងការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក (វេប) គ្រប់ទម្រង់នៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិ ទីលានប្រកួតកីឡា និងតំបន់ស្នាក់នៅហូបចុករបស់ប្រតិភូកីឡា»។
លោកបន្ដថា មិនទទួលការឧបត្ថម្ភនានារបស់ក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុនបារីអេឡិចត្រូនិក (វេប) ទោះក្នុងទម្រង់ឬគោលបំណងណាក៏ដោយ។ កីឡាគ្មានថ្នាំនឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើន រួមមាន៖ ការពារកីឡាករ គ្រូបង្វឹក ទស្សនិកជន អ្នករៀបចំ និងអ្នកស្ម័គ្រចិត្ត ពីការស្រូបផ្សែងបារីពីគេប្រកបដោយគ្រោះថ្នាក់ ធានាបាននូវស្តង់ដារសុខភាពខ្ពស់សម្រាប់អ្នកទាំងអស់ដែលពាក់ព័ន្ធនឹងការប្រកួតកីឡានេះ លើកទឹកចិត្តនិងគាំទ្រអ្នកជក់បារីឲ្យផ្តាច់បារី បង្ការអ្នកមិនជក់បារី ជាពិសេសយុវវ័យពីការចាប់ផ្តើមជក់បារី រួមចំណែកបង្កើតវប្បធម៌គ្មានថ្នាំជក់ កាត់បន្ថយចំណាយលើការសម្អាត និងហានីភ័យនៃអគ្គីភ័យ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី២២ ជាព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍គ្មានថ្នាំជក់លើកដំបូងដែលប្រារព្ធឡើងនៅឆ្នាំ២០០៣ នៅប្រទេសវៀតណាម ហើយការប្រកួតកីឡាអាស៊ីអាគ្នេយ៍ជាបន្តបន្ទាប់ទៀតក៏បានអនុវត្តតាមគោលការណ៍កីឡាគ្មានថ្នាំជក់ផងដែរ ដោយប្រទេសជាម្ចាស់ផ្ទះបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍កីឡាគ្មានថ្នាំជក់នេះ។ ព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗ ដូចជាព្រឹត្តិការណ៍កីឡា “FIFA” ជាដើម សុទ្ធតែមានគោលការណ៍ហាមឃាត់យ៉ាងតឹងរ៉ឹងចំពោះការប្រើប្រាស់ ការផ្សាយពាណិជ្ជកម្ម និងការឧបត្ថម្ភ ក្នុងការប្រកួតទាំងមូល។
គួរបញ្ជាក់ថា នៅកម្ពុជាប្រជាពលរដ្ឋចំនួន១៥ ០០០នាក់ ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺបង្កដោយថ្នាំជក់។ ជំងឺនាំមុខទាំង៥ មាន៖ (១) ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល , (២) ជំងឺស្ទះសរសៃឈាមបេះដូង , (៣) ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម , (៤) ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និង(៥) ជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់៕
ដោយ៖ រិន ចំរើន