ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង អញ្ជើញបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីហាណូយ នៃប្រទេសវៀតណាម ចាប់ពីថ្ងៃទី៣-៥ ខែមីនា ឆ្នាំ២០២៣។
ការទៅនេះរបស់សម្តេច ស ខេង តបតាមការអញ្ជើញរបស់ ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងដោយបានការអនុញ្ញាតពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ គឺដំណើរទស្សនកិច្ចនេះ ជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយក្រសួងនគរបាលវៀតណាម ។ សម្រាប់ដំណើរទៅវៀតណាមនេះដែរ សម្ដេច ស ខេង ក៏នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផល កិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៣ សម្រាប់អនុវត្តបន្តក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងទាំងពីរ ៕ ដោយ៖ រិន ចំរើន