រដ្ឋមន្ត្រីទេសចរណ៍៖ កម្ពុជា-ថៃ ឯកភាពគ្នារៀបចំជំរុញភ្ញៀវទេសចរទៅវិញទៅមក

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍អះអាងថា កម្ពុជា-ថៃ បានឯកភាពគ្នារៀបចំជំរុញភ្ញៀវទេសចរទៅវិញទៅមក និងការជំរុញភ្ញៀវទេសចរពីប្រទេសទី៣ ឱ្យបានទៅទស្សនានៅក្នុងប្រទេសទាំង២ ដែលធ្វើឡើងក្រោមយុទ្ធនាការ «ព្រះរាជាណាចក្រពីរគោលដៅទេសចរណ៍តែមួយ» ហើយភាគីទាំង២ ក៏បានសម្រេច និងពិនិត្យឡើងវិញនូវការជំរុញឱ្យមានភ្ញៀវទេសចរ អាចបើកបរដោយខ្លួនឯងផងដែរ។

ការឯកភាពគ្នានេះបានធ្វើឡើងកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសជំនួបពិភាក្សាងាររវាង លោក លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណកម្មាធិការរៀបចំកីឡាស៊ីហ្គេមនៅកម្ពុជា និង លោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ។

លោករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា លោកនឹងស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីសិក្សាធ្វើយ៉ាងណាជំរុញឱ្យមានទេសចរណ៍ អាចបើកបររថយន្តពីប្រទេសថៃចូលមកកម្ពុជា និងពីកម្ពុជាទៅថៃ អាចបើកបន្តទៅទស្សនាតាមតំបន់ទេសចរណ៍នានា តាមរយៈយន្តការប្រើបណ្ណព្រំដែន ព្រោះកន្លងមកថៃក៏បានអនុវត្តដូចគ្នារួចហើយដែរជាមួយនឹងប្រទេសឡាវ និងមីយ៉ាន់ម៉ា។

នៅក្នុងជំនួបនេះ លោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានឯកភាពលើសំណើរបស់កម្ពុជា ក្នុងការងារជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈលើវិស័យទេសចរណ៍ផងដែរ៕ ដោយ៖ ពុទ្ធិពល