អាជ្ញាធរជាតិអប្សរា និងកូរ៉េ ចុះកិច្ចព្រមព្រៀងបន្ត អភិវឌ្ឍបេតិកភណ្ឌវប្បធម៌

សៀមរាប៖ អាជ្ញាធរជាតិអប្សរា រដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ (CHA) បានចុះកិច្ចព្រមព្រៀងលើការបន្តកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍបេតិកភណ្ឌវប្បធម៌រវាង ប្រទេសទាំងពីរ។ ពិធិចុះហត្ថលេខាងលើកិច្ចព្រមព្រៀងនេះ ធ្វើឡើង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក ឆ្វេ អឹងឆន អគ្គនាយកនៃរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ (CHA)។

លោក ឆ្វេ អឹងឆន (Choi Eung-chon) អគ្គនាយកនៃរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ ថ្លែងថា កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នបេតិកភណ្ឌវប្បធម៌ កូរ៉េ បានចាប់ផ្តើមពីឆ្នាំ២០១០។ កិច្ចសហប្រតិបត្តិការដំបូង ភាគីកូរ៉េបានជួយផ្នែកសម្ភារបរិក្ខា លើការជួសជុល និងអភិរក្សប្រាសាទ។ ក្រោយមកនៅឆ្នាំ២០១៥ បានជួយលើគម្រោងសហប្រតិបត្តិការ ជួសជុល ក្រុមប្រាសាទព្រះពិធូរ ដោយបញ្ចប់នៅឆ្នាំ២០១៨។ នៅឆ្នាំ២០១៩ គម្រោងកិច្ចសហប្រតិបត្តិការ ជួសជុលព្រះលានជល់ដំរី ដែលបន្តរហូតដល់បច្ចុប្បន្ន។

លោកបន្តថា ស្ថាប័នកូរ៉េក៏បានព្រមព្រៀងបន្តជួយអភិរក្ស និងជួសជុល រួតបាកាណប្រាសាទអង្គរវត្តផងដែរដោយបានហៅកិច្ចសហប្រតិបត្តិការ ទាំងនេះថា ជាផ្នែកមួយបង្កើនភាពជិតស្និទ្ធនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងកូរ៉េ ហើយរំពឹងថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តមានភាពខ្លាំងក្លាជាដរាបទៀត។

លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្លែងថា ស្ថាប័នកូរ៉េ បាននិងកំពុងជួយលើកិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរ។ ក្នុងនោះ លោក ក៏បានអរគុណដល់ភាគីកូរ៉េ ដែលបានជួយបណ្ដុះបណ្ដាលមន្រ្តី អាជ្ញាធរជាតិអប្សរា ក្នុងការពង្រឹងសមត្ថភាពសម្រាប់ការជួសជុល និងអភិរក្សប្រាសាទបុរាណ ដែលឯកឧត្តមហៅថា ជាផ្នែកសំខាន់ក្នុងការពង្រឹងធនធានម នុស្សសម្រាប់កិច្ចការបេតិកភណ្ឌ។

បន្ថែមពីនេះ លោក ហង់ ពៅ ក៏បានស្នើទៅភាគីកូរ៉េ ពិចារណាជួយលើការអភិរក្សផ្នែកសារមន្ទីរ ផងដែរ។ កូរ៉េមានជំនាញការពារ និងគ្រប់គ្រងសារមន្ទីរ ដែលលោក យល់ថា គួរត្រូវបានចែករំលែកជំនាញនេះដល់មន្រ្តីផ្នែកសារមន្ទីរនៃអាជ្ញាធរជាតិអប្សរា លើការគ្រប់គ្រង និងថែរក្សា សមុច្ច័យនានាក្នុងសារមន្ទីរឱ្យបានគង់វង្ស និងស្ថិតស្ថេរផងដែរ៕ ដោយ៖ ពុទ្ធិពល