ភ្នំពេញ ៖ ទិវាវប្បធម៌ជាតិ ជាឱកាសដ៏មានតម្លៃមួយ ដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិ ខណៈទិវាវប្បធម៌ជាតិតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ នាថ្ងៃ៣មីនា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរស ខ្មែរគ្រប់ជំនាន់ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើតថែរក្សា និងការពារសម្បត្តិវប្បធម៌ ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។
មុនឈានមកដល់ថ្ងៃប្រារព្ធទិវាជាតិនេះ ក្រសួងវប្បធម៌ បានរៀបចំសន្និសីទសារព័ត៌មានមួយ ស្តីពីការរៀបចំទិវាវប្បធម៌ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ក្នុងសន្និសីទនោះលោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា «ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា។ ទន្ទឹមគ្នានេះដែរ ទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃមួយ ដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិ ក្នុងចំណោមប្រជាជនខ្មែរគ្រប់រូប ក្នុងគោលបំណង ធានាឲ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន ស្របតាមគោលនយោបាយជាតិស្ដីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា»។
ចំណែកលោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិស័យវប្បធម៌ជាតិ ដែលជាដួងព្រលឹង ជាអត្តសញ្ញាណជាតិ ជាកិត្យានុភាពជាតិ និងជាស៊ីម៉ង់ត៍រស់សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីសហគមន៍មួយទៅសហគមន៍មួយ ក៏ដូចជាពីប្រទេសមួយទៅប្រទេសមួយ ដើម្បីនាំមកនូវសាមគ្គីភាព សន្តិភាព និងសុខដុមនីយកម្ម រាជរដ្ឋាភិបាលកម្ពុជាសម្រេចរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ ដោយ បន្តរក្សាប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ក្នុងគោលបំណងជំរុញប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស ជាពិសេសយុវជនជាអ្នកបន្តវេន បានចូលរួមសកម្មភាពអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ។
លោកថា ត្រូវជំរុញឲ្យមានការចូលរួមដោយមានការទទួលខុសត្រូវរបស់យុវជន ក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា និងពណ៌សម្បុរ លើកកម្ពស់មនសិការនិងស្មារតីចូលរួមផ្ទេរ ព្រមទាំងទទួលយកនូវចំណេះដឹង ជំនាញ និងបច្ចេកទេស សិល្បៈវប្បធម៌ សំដៅជំរុញការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះរបស់សហគមន៍ ជនជាតិដើមភាគតិចនៅកម្ពុជា ឲ្យបានស្ថិតស្ថេរគង់វង្ស ៕ ដោយ៖ រិន ចំរើន