ពលរដ្ឋមួយចំនួនដែលកំពុងតាំងទីលំនៅលើដីកម្មសិទ្ឋស្របច្បាប់របស់ ធនាគារកាណាឌីយ៉ា ទទួលយកការដោះស្រាយ

ព្រះសីហនុ៖ ប្រជាពលរដ្ឋមួយចំនួនធំក្នុងចំណោមប្រជាពលរដ្ឋ ២៥០ គ្រួសារ ដែលកំពុងតាំងទីលំនៅលើដីកម្មសិទ្ឋស្របច្បាប់របស់ ធនាគារកាណាឌីយ៉ា ស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣បានទទួលយកគោលការណ៍ដោះស្រាយដោយស្ម័គ្រចិត្តនូវដីឡូត៍ទំហំ ៥ម៉ែត្រ x ២០ម៉ែត្រ ពីធនាគារ ក្រោមការសម្របសម្រួលរបស់ក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកំពុងរស់នៅលើទីតាំងដីខាងលើ ដែលមិនទាន់បានមកបំពេញឯកសារជាមួយក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ និង រួសរាន់មកធ្វើឯកសារ ដោយភ្ជាប់មកជាមួយឯកសារកាន់កាប់ច្បាប់ដើម មកជួបជាមួយក្រុមការងាររដ្ឋបាលខេត្ត ដែលមានរយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ជាកំហិត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ បាន ឱ្យដឹងថា មានប្រជាពលរដ្ឋប្រមាណ ២៥០គ្រួសារ ដែលមានការពាក់ព័ន្ធលើទីតាំងដីកម្មសិទ្ធិស្របច្បាប់របស់ធនាគារ កាណាឌីយ៉ មានទីតាំងស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សេចក្តីជូនដំណឹងនេះបន្តថា ករណីនេះ រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា ទីតាំងដីស្ថិតនៅក្នុងភូមិសាស្ត្រឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កន្លងមកបានចេញប័ណ្ណសម្គាល់ សិទ្ធិប្រើប្រាស់ដីធ្លី និងប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៩ ហើយម្ចាស់ ដីដែលមានប័ណ្ណសម្គាល់សិទ្ធិនីមួយៗ បានធ្វើការកាន់កាប់ និងគ្រប់គ្រងដីជាបន្តបន្ទាប់រហូតមក។

លុះដល់ឆ្នាំ២០០៦ រាជរដ្ឋាភិបាលបានកំណត់យកផែនទីគម្របព្រៃឈើឆ្នាំ២០០២ ធ្វើជាគោល ក្នុងនោះផ្ទៃដីមួយផ្នែកក្នុងខេត្តព្រះសីហនុ ក៏ស្ថិតនៅក្នុងផែនទីគម្របព្រៃឈើឆ្នាំ២០០២ផងដែរ។ ដោយឡែកចំពោះករណីប្រជាពលរដ្ឋប្រមាណ ២៥០គ្រួសារ ដែលមានពាក់ព័ន្ធលើទីតាំងដីកម្មសិទ្ឋិស្របរបស់ធនាគារ កាណាឌីយ៉ា មានទីតាំងស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានប្រវត្តិដើមជាដីរបស់ឈ្មោះ ឡុង សាខន និងឈ្មោះ ស៊ិន សុថាវី មានប័ណ្ណកម្មសិទ្ធិ ចំនួន ០៣ប័ណ្ណរួមមាន៖ លេខ CH0532, C−0533, CH-0534 ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៤។

ប៉ុន្តែនៅអំឡុងឆ្នាំ ២០១៩ មានក្រុមមេខ្យល់បានបំផុសបំផុលប្រជាពលរដ្ឋ ឱ្យចូលទន្ទ្រានកាន់កាប់លើទីតាំងដីខាងលើ ដោយសំអាងថា ទីតាំងដីខាងលើនេះជាដីរបស់រដ្ឋ។ ការទន្ទ្រានយកដីនេះបានបង្កើតជារូបភាពលក់ទិញ និងផ្ទេរសិទ្ធិពីបុគ្គលម្នាក់ ទៅ បុគ្គលម្នាក់ទៀត ដោយឯកសារពុំមានលក្ខណៈគតិយុត្ត ហើយក្រុមអនាធិបតេយ្យទាំងនោះបានប្រើប្រាស់ឯកសារ ដែលបានបង្កើតឡើងនេះ ទៅដាក់ពាក្យស្នើសុំអន្តរាគមន៍ទៅអាជ្ញាធរ ពាក់ព័ន្ធ និងស្ថាប័នថ្នាក់ជាតិ ដើម្បីស្នើសុំកាត់ ឆ្កៀលដីចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់។

លុះដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាសម្រេចបង្គាប់ឱ្យប្រគល់អចលនវត្ថុលេខ ២១ត.រ/២០ បង្គាប់ឱ្យឈ្មោះ ឡុង សាខន និងឈ្មោះ ស៊ិន សុថាវី ប្រគល់អចលនវត្ថុចំនួន ០៣ប័ណ្ណខាងលើ ឱ្យទៅ ធនាគារកាណាឌីយ៉ា ។ ក្រោយទទួលបានសិទ្ធិតាមដីកាសម្រេចរបស់សាលាដំបូងខេត្តព្រះសីហនុ ធនាគារកាណាឌីយ៉ា បានស្នើទៅក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ សុំកាត់ឆ្កៀលដីចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ធ្វើអនុបយោគជាដីឯកជន របស់រដ្ឋ និងផ្តល់កម្មសិទ្ធិ។

ក្រោយមកនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ ២៨០ អនក្រ.បក សម្រេចកាត់ឆ្កៀលដីចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ និងប្រគល់ជូនធនាគារកាណាឌីយ៉ា គ្រប់គ្រងជា កម្មសិទ្ធិ។ បន្ទាប់ពីទទួលបានអនុក្រឹត្យពីរាជរដ្ឋាភិបាល ធនាគារកាណាឌីយ៉ា បានស្នើសុំចុះបញ្ជីដីតាមនីតិវិធី ហើយបានទទួលនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ០២ប័ណ្ណ លេខ ១៨០២០៣០១-០០២៩ និង ១៨០២០៣០១-០០៣០ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។

ក្រោយទទួលបានកម្មសិទ្ធិស្របច្បាប់ ធនាគារកាណាឌីយ៉ា រួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានខិតខំធ្វើ ការសម្របសម្រួលដើម្បីដោះស្រាយគោលនយោបាលផ្ដល់ដីឡូត៍ជូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅ និងអាស្រ័យ ផលជាក់ស្ដែងលើទីតាំងដី។ ជាលទ្ឋផលបងប្អូនប្រជាពលរដ្ឋមួយចំនួនធំបានឯកភាពទទួលយក និងនៅសល់ប្រជាពលរដ្ឋមួយចំនួនតូច នៅបន្តជឿតាមការញុះញង់ពីសំណាក់មេក្លោង និងមេខ្យល់ ដែលបានធ្វើសកម្មភាពញុះញង់ បំផុសបំផុលឱ្យប្រជាពលរដ្ឋ នៅបន្តការទន្ទ្រានកាន់កាប់លើដីកម្មសិទ្ធិរបស់អ្នកដទៃ ពុំទាន់ទទួលយកគោលការណ៍ ដោះស្រាយក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្តព្រះសីហនុ៕ ដោយ៖ ពុទ្ធិពល