លោក គួច ចំរើន បង្ហាញមោទនភាពចំពោះសមត្ថកិច្ចបង្រ្កាបគ្រឿងញៀន២ ករណីធំៗនៅក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អះអាងថា ក្នុងកិច្ចសហការបង្ក្រាបគ្រឿងញៀននៅឆ្នាំ២០២២ មានករណីធំៗចំនួនពីរ ដែលកងកម្លាំងរបស់យើងធ្វើការស្រាវជ្រាវ នឹងបង្ក្រាបបានគ្រឿងញៀនជាងពីរតោន។ នេះជាមោទនភាពសម្រាប់កម្លាំងសមត្ថកិច្ចរបស់យើងក្នុងការយកចិត្តទុកដាក់ស្រាវជ្រាវបង្ក្រាបគ្រឿងញៀនខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ។

ការអះអាងរបស់ លោក គួច ចំរើន ខាងលើនេះ ក្នងពេលលោក អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣។

លោកបន្តថា ក្នុងនោះករណីបង្ក្រាបធំរបស់កម្លាំងស្នងការនគរបាលខេត្ត ១ករណី ដកហូតថ្នាំញឿនបានចំនួន ៨៧១គីឡូក្រាម ដោយឡែកកងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាប ១ករណី ដកហូតបានថ្នាំញឿន ១ ១៣៣គីឡូក្រាម។ នេះជាព្រឹត្តិការណ៍ដែលមិនធ្លាប់មានដែលពួកឧក្រិដ្ឋជនបានធ្វើការនាំចូលមកកាន់ខេត្តព្រះសីហនុ។

លោកបន្ថែមថា ទន្ទឹមនោះកងកម្លាំងប្រដាប់អាវុធរបស់យើងបានធ្វើការស្រាវជ្រាវដកហូតបានគ្រឿងញៀនជាច្រើនគីឡូក្រាម និងជាច្រើនករណី នេះជាលទ្ធផល នៃការបង្ក្រាបបាននៅក្នុងដែនសមត្ថកិច្ច នៃខេត្តព្រះសីហនុ មានបរិមាណគ្រឿងញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់អាចស្ថិតនៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រក្នុងកិច្ចប្រតិបត្តិការរបស់យើងដែលមិនធ្លាប់ជួប ហើយក៏គ្មានរាជធានី ខេត្ត ណាមួយដែលបង្ក្រាបបានច្រើនដូច្នេះដែរ។

បើតាមលោក គួច ចំរើន ការបង្ក្រាបដកហូតបានច្រើនបែបនេះ វាមិនកើតនៅក្នុងខេត្តព្រះសីហនុរបស់យើងទេ វាអាចនាំឆ្លងមកពីបណ្តាប្រទេស និងនាំមកពីបណ្តាខេត្តផ្សេងក៏យើងមិនដឹង ហើយនេះជាមោទនភាព ប្រសិនបើយើងបង្ក្រាបមិនបាននោះទេ តើថ្នាំញឿននេះ វានឹងរាយប៉ាយដល់មនុស្សប៉ុន្មានសិបម៉ឺននាក់ទៀត ដែលអាចរងគ្រោះនិងឥទ្ធិពលគ្រឿងញៀនជាក់ជាមិនខាន។

លោកថ្លែងថា៖«តាមព័ត៌មានដែលយើងបង្ក្រាបបានករណីធំទាំងពីរខាងលើ សុទ្ធតែជាគោលដៅធ្វើការនាំចេញទៅក្រៅប្រទេស មកដល់ពេលនេះការចែកចាយ ការដឹកជញ្ជូនឆ្លងដែន ការផលិត វាបានឆ្លងកាត់ខេត្តរបស់យើង ហើយថ្មីៗនេះកងរាជអាវុធហត្ថចាប់ បានម៉ាស៊ីនផលិតគ្រឿងញៀន ២គ្រឿងផងដែរ ដោយសារប៉ុន្មានឆ្នាំមុនយើងជាខេត្តឆ្លងកាត់ និងមានការប្រើប្រាស់ខ្លះ»។

ទោះជាយ៉ាងណា លោក ថា នៅមានបញ្ហាប្រឈមកាន់តែច្រើន ដែលទាមទារឱ្យយើងត្រូវបង្កើនការរួមគ្នាបង្ការ ទប់ស្កាត់ និងធ្វើការដោះស្រាយបង្កា បង្ក្រាបឱ្យបានទាន់ពេលវេលា ដោយមានការសម្របសម្រួលពីស្ថាប័នអាយការតុលាកាខេត្តព្រះសីហនុ។ យើងជាមន្ត្រីសមត្ថកិច្ចត្រូវជម្រុញការចូលរួមផ្សព្វផ្សាយអប់រំ ដោយផ្តោតសំខាន់លើការគោរពច្បាប់ចរាចរណ៍ គ្រឿងញៀនខុសច្បាប់ និងអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តបង្ក្រាបបានចំនួន ២១៥ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៣៧៤នាក់ ស្រី ២៨នាក់ ក្នុងនោះក៏មានជនបរទេសដូចជា (ចិន វៀតណាម ថៃ និងម៉ាឡេស៊ី)។ ដោយឡែកកងរាជអាវុធហត្ថខេត្តបង្ក្រាបបានចំនួន ៨៦ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៣៣២នាក់ ស្រី ៣៧នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន កងកម្លាំងរបស់យើងក៏បានធ្វើការបង្ក្រាបបានពីរករណីធំៗ ដកហូតគ្រឿងញៀនបានជាង ២តោន៕ ដោយ៖ ពុទ្ធិពល