កម្ពុជាចូលរួមកិច្ចប្រប្រជុំគណៈកម្មាធិការចម្រុះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន- អូស្រ្តាលី- នូវែលសេឡង់លើកទី២០

ឥណ្ឌូនេស៊ី៖ ក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី១៤-១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់លើកទី២០ (20th AANZFTA FJC)។ នេះ បើតាមក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣។

កិច្ចប្រជុំនេះបានដឹកនាំដោយ លោក Yusdiman Saman ឧបការីស្តីទីនៃនាយកដ្ឋានពាណិជ្ជកម្ម នៃក្រសួងហិរញ្ញវត្ថុនិងសេដ្ឋកិច្ចព្រុយណេ និងមានការចូលរួមពីប្រធានក្រុមចរចា (FJC Lead) មកពីបណ្តារដ្ឋសមាជិកអាស៊ានទាំង១០ និងអូស្រ្តាលី និងនូវែលសេទ្បង់ រួមទាំងមន្រ្តីលេខាធិការដ្ឋានអាស៊ានផងដែរ។

លោក រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជា AANZFTA FJC Lead តំណាងកម្ពុជា បានបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការខិតខំប្រឹងប្រែងឆ្ពោះទៅបញ្ចប់កិច្ចចរចាទាំងស្រុងលើការដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។

ក្នុងនោះផងដែរលោកក៏បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួមកិច្ចចរចាដោយផ្អែកលើជំហរទន់ភ្លន់ និងមានឆន្ទៈខ្ពស់ដើម្បីបញ្ចប់ការចរចារដំឡើងកិច្ចព្រមព្រៀងនេះ ដែលជាជុំចរចាចុងក្រោយ នៅប្រព្រឹត្តនៅទីក្រុងបានឌុង នៃប្រទេសឥណ្ឌូនេស៊ី ដើម្បីមានលទ្ធភាពជូនថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ចុះហត្ថលេខាពិធីសារលើកទី២ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងនេះ ។

អង្គប្រជុំបានពិភាក្សាលើបញ្ហាដែលនៅសេសសល់ ព្រមទាំងពិនិត្យវឌ្ឍនភាពនិងកិច្ចការបន្ទាប់ពាក់ព័ន្ធ នៃការចរចារដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA Upgrade Negotiations) ដែលជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ចមួយរបស់កម្ពុជាកាលពីឆ្នាំ២០២២ ដែលត្រូវបានថ្នាក់ដឹកនាំអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ បានប្រកាសបញ្ចប់លើការចរចារជាដុំកំភួនលើការដំឡើងកម្រិតកិច្ចព្រមព្រៀង AANZFTA ជាផ្លូវការ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។

នៅក្នុងអំឡុងកិច្ចចរចាចុងក្រោយនេះ ភាគីពាក់ព័ន្ធបានប្រកាសបញ្ចប់នូវរាល់ការចរចាលើបញ្ហាទាំងអស់ដែលនៅសេសសល់ ហើយបានឯកភាពគ្នា យកអត្ថបទកិច្ចព្រមព្រៀងនេះបញ្ចូនឱ្យក្រុមការងារនីតិកម្ម និងស្ថាប័ន ដើម្បីពិនិត្យនិងសម្អាត បន្ទាប់មកបញ្ចូនត្រឡប់កិច្ចព្រមព្រៀងនេះ ឱ្យគ្រប់បណ្តាភាគីទាំងអស់បន្តនីតិវិធីក្នុងស្រុករៀងៗខ្លួន មុនដាក់ជូនថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ដើម្បីចុះហត្ថលេខាពិធីសារលើកទី២ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) នៅកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់លើកទី២៧ ដែលគ្រោងនឹងប្រព្រឹត្តនៅខែសីហា ឆ្នាំ២០២៣ ខាងមុខ៕ ដោយ៖ ពុទ្ធិពល