រដ្ឋមន្ត្រីរ៉ែកម្ពុជា លើកទឹកចិត្តឱ្យកូវែតវិនិយោគលើវិស័យថាមពល និងធនធានរ៉ែ

ភ្នំពេញ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លើកទឹកចិត្តប្រទេសកូវ៉ែតអោយមានការវិនិយោគលើវិស័យថាមពល និងធនធានរ៉ែផងដែរ ព្រោះបច្ចុប្បន្នអាចធ្វើការងារបានគ្រប់ទីកន្លែង មិនថាក្នុងព្រៃជ្រៅ ឬតំបន់ដាច់ស្រយាល។

ការលើកទឹចិត្តរបស់លោក ស៊ុយ សែម ខាងលើនេះ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Mohamad S. ALHAJRI ឯកអគ្គរដ្ឋទូតនៃរដ្ឋកូវ៉ែតប្រចាំព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣។

នៅក្នុងជំនួបពិភាក្សានេះ លោក Mohamad S. ALHAJRI បានស្វែងយល់អំពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យថាមពល ប្រេង និងឧស្ម័ននៅកម្ពុជា ។ ភាគីទាំងពីរបានជជែកពិភាក្សាអំពីសក្តានុពល និងឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ។

លោករដ្ឋមន្រ្តី ស៊ុយ សែម បានសម្តែងការស្វាគមន៍វិនិយោគិនកូវ៉ែតដែលមានបំណងចង់វិនិយោគលេីវិស័យប្រេង និងឧស្ម័ន ដែលបច្ចុប្បន្ន កម្ពុជាមាន ប្លុក offshore ចំនួន០៤ និងប្លុក onshore ចំនួន១៨ ទៀតដែលស្វាគមន៍ការវិនិយោគ។

លើសពីនេះទៅទៀត លោក រដ្ឋមន្រ្តីបានលើកទឹកចិត្តអោយមានការវិនិយោគលើវិស័យថាមពល និងធនធានរ៉ែផងដែរ ព្រោះបច្ចុប្បន្នយេីងអាចធ្វេីការងារបានគ្រប់ទីកន្លែង មិនថាក្នុងព្រៃជ្រៅ ឬតំបន់ដាច់ស្រយាល ដោយសារពេលនេះកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ និងមានស្ថេរភាពនយោបាយ ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោក Mohamad S. ALHAJRI ក៏បានសម្តែងនូវការកោតសរសើរដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងមានបំណងចង់ផ្តល់អាហាររូបករណ៍ក្នុងវិស័យប្រេង និងឧស្ម័នដល់និស្សិតកម្ពុជា ព្រមទាំងបើកឱកាសការងារដល់និស្សិតដែលបានបញ្ចប់ការសិក្សា ដើម្បីអោយទទួលបានបទពិសោធន៍ការងារពីជំនាញនេះនៅប្រទេសកូវ៉ែតផងដែរ៕ ដោយ៖ ពុទ្ធិពល