សិស្សក្រីក្រចំនួន ១.៥ លាននាក់នឹងទទួលបានបណ្តុះបណ្តាលវិជ្ជាជីវៈដូនតា

ភ្នំពេញ៖ សិស្សក្រីក្រចំនួន ១.៥ លាននាក់នឹងទទួលបានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាដោយមិនបង់ថ្លៃ ។នេះបើតាម សម្តេច ហ៊ុន សែន ប្រមុខនៃរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ក្នុងពេលញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្ស ចំនួន ១,៩៤៦នាក់ នៅមជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។

សម្តេចបន្តថា ក្នុងចំណោមសិស្សគោលដៅ ១លាន ៥សែន សម្រាប់បណ្តុះបណ្តាលវិជ្ជាជីវៈ ក៏រាប់បញ្ចូលទាំង វិជ្ជាជីវៈដូនតា រួមមាន តម្បាញ ចម្លាក់ គំនូរ និងស្មូនផងដែរ។សម្តេចបន្ថែមថា សិស្សដែលត្រូវទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ទទួលបានអប់រំដោយមិនអស់ប្រាក់ ហើយទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀតផង។

ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចនាយករដ្ឋមន្ត្រី បានស្នើ ដោយត្រង់ ទៅលោក ហង់ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឱ្យចាប់ផ្តើម ពិភាក្សាជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលដៅដើម្បី បណ្តុះបណ្តាលវិជ្ជាជីវៈដូនតានដល់ ដល់សិស្សក្រីក្រ ១. ៥ លាន នាក់នេះ ។

សម្តេចថ្លែងថា៖ «អីចឹងទេ យើងអាចពង្រាយការបណ្តុះបណ្តាលនេះ មួយផ្នែកន្លងឱ្យសាលាដែលគ្រប់គ្រង់ដោយវិជ្ជាជីវៈ ដែលគ្រប់គ្រងដោយក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និង មួយផ្នែកមរតកដូនតា ដែល គ្រប់គ្រងដោយក្រសួងវប្បធម៌ »។

សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ ដើម្បី ឱ្យពលរដ្ឋ ដូចជាសិស្សក្រីក្រនៅក្នុងប្រទេសមានវិជ្ជាជីវៈត្រមឹត្រូវ ដើម្បីបំរើឱ្យការអភិវឌ្ឍន៍ដែលកាន់តែលឿន ក្នុងគោលដៅសេដ្ឋជាតិពឹងផ្អែកចំណេះដឹង ដែលផ្តើមធ្វើក្នុងក្របខណ្ឌវិជ្ជាជីវៈឆ្នាំ២០២៤៕ ដោយ៖ ពុទ្ធិពល