តាកែវ៖ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ថ្លែងថា បច្ចុបុប្បន្នកម្ពុជាមានលទ្ធភាពក្នុងការផលិតនូវផលិតផល សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញទៅក្រៅស្រុក ខណៈពីមុនមិនមាននោះទេ។
ការលើកឡើងរបស់ លោក ហ៊ុន ម៉ែណែតខាងលើនេះ ធ្វើឡើង ក្នុងពិធីសម្ពោធជាផ្លូវការក្រុមហ៊ុន ម៉េកូ អ៉ិនថេលីជេន (ខេមបូឌា) ឯ.ក ដែលជាក្រុមហ៊ុនផលិតអំពូលអគ្គិសនីសម្រាប់នាំចេញទៅសហរដ្ឋអាមេរិកនិងកាណាដា ដែលមានទីតាំងស្ថិតនៅ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវនាថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣។
លោកថ្លែងថា៖«ខ្ញុំនៅចាំបានថានៅក្នុងទសវត្សរ៍ទី៨០ និងដើមទសវត្សរ៍ទី៩០ សម្ភារៈប្រើប្រាស់ស្ទើរតែទាំងអស់ រួមទាំងគ្រឿងឧបភោគបរិភោគមួយភាគធំ ដូចជាភេសជ្ជៈ គឺជាផលិតផលនាំចូលពីបរទេស ដោយសារយើងមិនមានលទ្ធភាពផលិតនៅក្នុងប្រទេសទេនៅពេលនោះ»។
លោកបន្តថា៖ « ប៉ុន្តែបច្ចុប្បននេះកម្ពុជាយើងបានអភិវឌ្ឍសមទ្ធភាពក្នុងការផលិតនិងតម្លើងនូវផលិតផលជាច្រើននៅក្នុងប្រទេស ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ព្រមទាំងនាំចេញទៅក្រៅប្រទេសទៀតផង ដូចជាគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ ស្បែកជើង កាបូបនិងវ៉ាលិស គ្រឿងសង្ហារឹម គ្រឿងឧបករណ៍សម្ភារៈអគ្គិសនី កង់ ម៉ូតូ រថយន្ត ។ល។»។
លោកបញ្ជាក់ថា នេះជាមោទន:ភាពពិតៗរបស់កម្ពុជាដែលអភិវឌ្ឍក្រោមម្លប់នៃសុខសន្តិភាព៕ ដោយ៖ ពុទ្ធិពល