មនុស្សជាង ៦ ម៉ឺននាក់ចូលរួមចាប់ត្រីតាមបែបបុរាណនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់

ត្បូងឃ្មុំ៖ មនុស្សប្រមាណជាង ៦ ម៉ឺននាក់កាលពីចុងសប្តាហ៍កន្លងមកនេះ បានប្រមូលផ្តុំគ្នា ចាប់ត្រីតាមបែបបុរាណ នៅបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នៃខេត្តត្បូងឃ្មុំ ដើម្បីរំលឹកថែរក្សាអភិរក្សកេរ្តិ៍តំណែលពីបុរាណតរៀងមក។

រដ្ឋបាលខេត្តត្បូងឃ្មុំ ឱ្យដឹងថា ជាង២០០ឆ្នាំមកហើយ ដែលបងប្អូនប្រជាពលរដ្ឋនៅភូមិសាទុំ តែងតែរៀបចំពិធីចាប់ត្រីនៅបឹងក្រមនេះជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភៈនេះ បន្ទាប់ពីបងប្អូនប្រជាកសិករយើងបានប្រមូលផលកសិកម្មរួចរាល់អស់ហើយនោះ បើតាមលោកយាយ លោកតាដំណាលប្រាប់។

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ឲ្យដឹងថា ពិធីចាប់ត្រីនេះ ត្រូវបានអាក់ខានក្នុងរបបប៉ុលពត ប៉ុន្តែចាប់ពីថ្ងៃជ័យជំនះ ៧មករា ១៩៧៩ មកបានរៀបចំធ្វើពិធីនេះឡើងវិញ មានអ្នកចូលរួមយ៉ាងច្រើនកុះករ។

លោកបន្តថា សម្រាប់ឆ្នាំនេះមានអ្នកចូលរួមកាន់តែច្រើនជាងឆ្នាំមុន មានប្រមាណជាង៦ម៉ឺននាក់ដែលមកពីទីជិតឆ្ងាយ មកពីខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តស្វាយរៀង រាជធានីភ្នំពេញ និងខេត្តនានាផងដែរ ។ ក្នុងស្មារតីភាតរភាពសាមគ្គីភាព ស្រលាញ់រាក់ទាក់គ្នា ប្រកបដោយ សីលធម៌ សុជីវធម៌ យ៉ាងល្អផូរផង់។

បើតាម លោក ជាម ច័ន្ទសោភ័ណ ការជួបជុំយ៉ាងអធិកអធមទាំងនេះ គឺអាចប្រព្រឹត្តិទៅបានដោយសារប្រទេសជាតិមានស្ថេរភាព និងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ មានសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមម្លប់សន្តិភាពដែលសម្តេចហ៊ុន សែន ខិតខំយកមកបាន ដូច្នេះយើងទាំងអស់គ្នាត្រូវអរគុណសន្តិភាព។

ការប្រារព្ធពិធីចាប់ត្រី នៅបឹងត្រពាំងក្រមនេះ ធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភៈនេះ គឺបងប្អូនបានមកជួបជុំគ្នា ដើរលែងកំសាន្ត ទស្សនាទេសភាពស្ថិតនៅជុំវិញតំបន់បឹងក្រម ដែលមានកេរ្តិ៍ ដំណែលពីដូនតាយើង រួមមាន៖ ថ្មតាជ្រូក ដីពណ៌ឈាម ក្បាលតាជក តាព្រាម កន្លែងឡស្រា និងស្រះទឹកនាងលើមជាដើម ។
មុនពិធីចាប់ត្រីមកដល់អាជ្ញាធរ មិន អនុញ្ញាតឲ្យពលរដ្ឋនេសាទត្រីក្នុងបឹងក្រមនេះឡើយ ដើម្បីរក្សាវត្តមាន ត្រីទុកសម្រាប់ពិធីចាប់ត្រីជារៀងរាល់ឆ្នាំ ។

ចំពោះការចាប់ត្រី ពលរដ្ឋអាចប្រើប្រាស់បានតែឧបករណ៍បុរាណប៉ុណ្ណោះ ដូចជា អង្រុត ឈ្នាង និងត្រកជាដើម ដើម្បីចាប់ត្រ ក្នុងពិធីនេះ ដោយតំបន់បឹងក្រមមានផ្ទៃដីប្រមាណ៣០ ហិកតា និងផ្ទៃបឹងទំហំ១ ហិកតា ៕ ដោយ៖ ពុទ្ធិពល