សម្តេច ទៀ បាញ់ ដាក់កំរងផ្កា និង គោរពវិញាណក្ខន្តសព លោកប្រធានហូ ជីមិញ

វៀតណាម៖ ក្នុងឱកាសបំពេញទស្សនកិច្ចជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃទី ១៩ ខែកុម្ភះ ឆ្នាំ ២០២៣ បានដឹកនាំគណៈប្រតិភូទៅដាក់កំរងផ្កា និង គោរពវិញាណក្ខន្តសព លោកប្រធាន ហូ ជីមិញ នៅក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ប្រតិភូដែលបានចូលរួមអមដំណើរ រួមមានលោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង ខ.ភ.ម និងជានាយសេនាធិការចំរុះ លោក ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចទៀ បាញ់ អគ្គនាយកអគ្គនាយកដ្ឋាននយោបាយ និង កិច្ចការបរទេស លោក មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ព្រមទាំអគ្គនាយករង មេបញ្ជាការ មេបញ្ជាការរង កងទ័ពជើងគោក ជើងទឹក ជើងអាកាស និង ប្រតិភូអមដំណើរជាច្រើនរូបទៀត។

សម្តេច ទៀ បាញ់ថ្លែងថា ក្នុងឱកាសបំពេញទស្សនកិច្ចជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាមនេះផងដែរ សម្តេច បានជួបពិភាក្សាជាមួយលោក ហ្វាន វ៉ាន់ ហ្សាង រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម។

ភាគីទាំងពីរបានរួមគ្នាធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២កន្លងមកប្រកបដោយផ្លែផ្កា និងបានដាក់ចេញទិសដៅកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ សំដៅបង្កើនថែមទៀតនូវទំនាក់ទំនងនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ ស្ថិរភាព យូរអង្វែងរវាងកងទ័ពប្រទេសទាំងពីរ។

សូមបញ្ជាក់ថា សម្តេច ទៀ បាញ់ កាលពី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំគណកៈប្រតិភូមិ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ក៏បានជួបសម្តែងការគួរសមចំពោះលោក ហ្វាម មិញ ជីញ នាយករដ្ឋមន្ត្រីវៀតណាមផងដែរ ៕​ ដោយ៖ ពុទ្ធិពល