CDC រៀបចំ យុទ្ធនាការរួមគ្នាដើម្បីបញ្ឈប់ការស្លាប់ និងគ្រោះថ្នាក់ បណ្តាលមកពីការពុលស្រា

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ( CDC )នៅថ្ងៃទី ២០ ខែកុម្ភៈនេះ បើកកិច្ចប្រជុំរៀបចំ យុទ្ធនាការរួមគ្នាដើម្បីបញ្ឈប់ការស្លាប់ និងគ្រោះថ្នាក់ បណ្តាលមកពីការពុលស្រា ដែលមានសារធាតុមេតាណុល ខណៈកាលពីប៉ុន្មាឆ្នាំចុងក្រោយនេះ មានប្រជាពលរដ្ឋពុលស្រាស្លាប់ជាច្រើនករណីនៅក្នុងខេត្តមួយចំនួន ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំខាងលើនេះ គឺ ដើម្បីជួបជុំអន្តរវិស័យពាក់ព័ន្ធទាំងថ្នាក់ជាតិ ក្រោមជាតិ និងថ្នាក់មូលដ្ឋាន នៃក្រសួងពាក់ព័ន្ធទាំង៦គឺ៖ ដើម្បីពិភាក្សា ផ្តល់អាទិភាព និងពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយព្រឹត្តិការណ៍ពុលមេតាណុលនៅកម្ពុជា (១). ក្រសួងសុខាភិបាល ក្រសួង ២). ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍-វិទ្យាស្ថានស្តង់ដារ នៃអគ្គនាយកស្តង់ដារកម្ពុជា ៣). ក្រសួងពាណិជ្ជកម្ម-អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ ក.ប.ប ៤). ក្រសួងទេសចរណ៍ ៥). ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ៦). ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ-អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា)។

បើតាមប្រភពដដែល កិច្ចប្រជុំខាងលើនេះ ក៏ដើម្បីលើកកម្ពស់ការយល់ដឹងគ្រោះថ្នាក់នៃការប្រើប្រាស់សារធាតុមេតាណុល មកលាយធ្វើស្រា ស ឬស្រាថ្នាំ ការបង្ការ និងទប់ស្កាត់ការពុលស្រា ដល់ខេត្តទាំង៤ដែលបានស្នើឡើង។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ( CDC )រំពឹងថា កិច្ចពិគ្រោះ យោបល់ និង ចូលរួម ពី អ្នក ផលិត ស្រា ក្នុងស្រុក និង អ្នកដឹកនាំ សហគមន៍ ដើម្បី លើកកម្ពស់ ការយល់ដឹង ដល់ សហគមន៍ មូលដ្ឋាន ក្នុង ខេត្ត គោលដៅ ចំនួន ៤ ( កណ្តាល បន្ទាយមានជ័យ កំពង់ឆ្នាំង និង ក្រចេះ ) ។

មួយវិញទៀត អ្នកផលិតស្រាក្នុងស្រុក និងអ្នកដឹកនាំសហគមន៍ និងកំណត់រួមគ្នា និងយល់ដឹងនូវសក្មភាពសំខាន់ៗដែលបានដាក់ចេញ ដើម្បីឈានទៅដល់ និងគៀងគរការចូលរួមសហគមន៍ដែលមានហានិភ័យខ្ពស់លើការពុលមេតាណុល។ និង កំណត់រកយុទ្ធសាស្ត្រ/ចំណុចសកម្មភាពសំខាន់ៗចំនួន ៣ សម្រាប់ឆ្នាំ ២០២៣ សម្រាប់ក្រសួង/នាយកដ្ឋាននីមួយៗ ដើម្បីកាត់បន្ថយ ឬធ្វើឱ្យតិចនូវ ព្រឹត្តិការណ៍ដែលបង្កឡើងដោយសារធាតុមេតាណុលនៅកម្ពុជាត្រូវ និងកំណត់នូវពេលវេលាសម្រាប់ការអនុវត្តរួមគ្នា។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ( CDC )បញ្ជាក់ទៀតថា ដើម្បីកាត់បន្ថយការកើតមានជំងឺរាតត្បាតពីចំណីអាហារដែលទាក់ទងនឹងការពុលសារធាតុមេតាណុលនៅក្នុង ស្រា ស ឬស្រាថ្នាំ ឬស្រាលាយ នៅកម្ពុជា ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺ និងការស្លាប់ដែលទាក់ទងនឹងការពុលសារធាតុមេតាណុល និង ដើម្បីរកឃើញយ៉ាងឆាប់រហ័ស និងឆ្លើយតបទាន់ពេលវេលាទៅនឹងការផ្ទុះឡើងដែលទាក់ទងនឹងការពុលសារមេតាណុល៕ ដោយ៖ ពុទ្ធិពល