ករណីវាយកម្ទេចរបងថ្មលយចូលឆ្នេរសមុទ្រខេត្តព្រះសីហនុជាគំរូមួយ មិនឱ្យអ្នកផ្សេងទៀតហ៊ានប្រព្រឹត្តិ

ព្រះសីហនុ៖ ករណីវាយកម្ទេចរបងថ្មដែលសាងសង់លយចូលឆ្នេរសមុទ្រឆ្នេរអូរឈើទាលរបស់ ខេត្តព្រះសីហនុជាគំរូថ្មីមួយ មិនឱ្យអ្នកផ្សេងទៀតហ៊ានប្រព្រឹត្តិ ឬក៏សាងសង់សំណង់ណាមួយធ្វើឱ្យប៉ះពាល់ដល់សោភណ្ឌភាពឆ្នេរ ។

 

លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) ប្រចាំនៅខេត្តព្រះសីហនុ ប្រាប់សារព័ត៌មាន KHMER CM នៅថ្ងៃទី ៩ ខែកុម្ភៈថា ការវាយកម្ទេចរបងថ្មដែលសាងសង់លយចូលឆ្នេរសមុទ្រខេត្តព្រះសីហនុនៅពេលនេះ គឺជាគំរូល្អ និងជាចំណុចវិជ្ជមានមួយសម្រាប់អ្នកដែលទន្ទ្រានកាន់កាប់យកដីសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិយកជាគំរូ។

លោកបន្តថា មួយវិញទៀត អ្នកដែលកំពុងប្រព្រឹត្តិ ឬយកឆ្នេរធ្វើជាកម្មសិទ្ធិឯកជន គួរតែដកខ្លួនចេញឱ្យបានលឿន និងប្រគល់ដីមកឱ្យរដ្ឋគ្រប់គ្រងវិញ ដើម្បីចៀសវាងការវាយកម្ទេចចោលណាមួយពីអាជ្ញាធរមានសមត្ថកិច្ច និងនាំឱ្យខាតបង់ថវិកា និងពេលវេលា ។

ទោះជាយ៉ាងណា លោក ក៏សំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ដាក់ចេញវិធានការឱ្យក្តៅជាងនេះបន្តិច និងដូចភ្លៀងរលឹម កុំឱ្យអនុវត្តតែមួយភ្លែត ហើយបោះបង់ចោល នឹងបន្តឱ្យករណីដដែលនេះ កើតឡើងម្តងទៀត ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅក្នុងតំបន់ឆ្នេរ។

បើតាម លោក សុខ សុខុម ករណីរំលោភដីសមុទ្រ ព្រែក បឹងបួរ និង ការសាងសង់សំណង់ខុសច្បាប់ផ្សេងទៀត ថ្នាក់ដឹកនាំខាងលើ មិនសូវជាបានដឹងនោះទេ ភាគច្រើន គឺអាជ្ញាធរថ្នាក់ក្រោមបានឃុបឃិតគ្នា និងធ្វើឱ្យឈឺក្បាលដល់ប្រមុខរាជរដ្ឋាភិបាល។

លោកថ្លែងថា៖ « អាជ្ញាធរខេត្តនៅជាប់មាត់សមុទ្រទាំងអស់ សុំកុំនាំគ្នាធ្វើឯកសារដោយរលូនអ៊ីចឹងអី !នាំឱ្យប្រមុខរាជរដ្ឋាភិបាលឈឺក្បាលទេ និងសុំឱ្យមានវិធានការដូចភ្លៀងរលឹមជាបន្តទៀត»។

ករណីវាយកម្ទេចរបងថ្មដែល សាងសង់លយចូលលយចូលឆ្នេរអូរឈើទាលនៃខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល បានបញ្ជាឱ្យរដ្ឋបាលខេត្តព្រះសីហនុ វាយកម្ទេចចោលកាលពីយប់មិញ។ ការវាយកម្ទេចនេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់ពីប្រជាពលរដ្ឋ អ្នកលេងបណ្តាញសង្គម បានចែករំលែងតៗ គ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ និងការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន ៕ ដោយ៖ ពុទ្ធិពល