ពន្ធដារប្រាប់ អគ្គនាយក ក្រុមហ៊ុន មីតអ៊តស៍ (ខេមបូឌា) ចូលខ្លួនមកទូទាត់បំណុលពន្ធ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រាប់ លោក ភាឡាយ សុភ័ត្តិ អគ្គនាយក ក្រុមហ៊ុន មីតអ៊តស៍ (ខេមបូឌា) ចូលខ្លួនមកទូទាត់បំណុលពន្ធ លេខអត្តសញ្ញាណកម្មសារពើពន្ធ 005-105005967 ចុះបញ្ជីនៅ សាខាពន្ធដារខណ្ឌទួលគោក ឱ្យចូលខ្លួនមកទូទាត់បំណុលពន្ធ។

តាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ឱ្យដឹងថា ការបង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូប ដើម្បីរួមចំណែកក្នុង ថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញលោកអគ្គនាយកខាងលើ មកដើម្បីដោះស្រាយបំណុលពន្ធ តាមរយៈ លិខិតអញ្ជើញលេខ ២៩០៩ អពដ.ស.ទក ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០០២ ប៉ុន្តែក្រុមហ៊ុនមិនបានទូទាត់បំណុលពន្ធតាម នីតិវិធីច្បាប់។

បើតាមអគ្គនាយកដ្ឋានពន្ធដារ អនុលោមតាមមាត្រា ៩៥ (ថ្មី) ចំណុចទី៦ កថាខណ្ឌ ខ នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញលោកអគ្គនាយក មកសាខាពន្ធដារខណ្ឌទួលគោក ផ្ទះលេខ ២៨ ផ្លូវលេខ ២៨៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនង ០២៣ ៨៨០ ៩៨១ មិនឱ្យលើសពី ១៥ ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុង ទំព័រសារព័ត៌មាននេះ ដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។

ក្នុងករណី មិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ លោកអគ្គនាយកត្រូវចាត់ទុកថាបានប្រព្រឹត្ត បទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ ដូចមានចែងក្នុងមាត្រា ១២៧ ១៣៥ និង ១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារ និងចាត់វិធានការតាមផ្លូវច្បាប់ដោយប្ដឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវខ្ពស់របស់លោកអគ្គនាយក ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ៕ ដោយ៖ ពុទ្ធិពល