លោក វ៉ី សំណាង កំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យថ្មី ដើម្បីបញ្ចប់មុខដំណែង លោក ឈឺន សុធន ពី អភិបាលស្រុកបសេដ្ឋ

កំពង់ស្ពឺ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអះអាងថា លោកបាននឹងកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យថ្មី បញ្ជូនទៅក្រសួងមហាផ្ទៃ ដើម្បីបញ្ចប់មុខដំណែង លោក ឈឺន សុធន ពី អភិបាលស្រុកបសេដ្ឋ និងដាក់អ្នកថ្មីចូលកាន់ដំណែងជំនួសវិញ ។

ការបញ្ចប់មុខដំណែង លោក ឈឺន សុធន ពី អភិបាលស្រុកបសេដ្ឋនេះ ត្រូវបានគេដឹងថា ជាក់ពាក់ព័ន្ធនឹងលក់ដីបឹងរដ្ឋ និងដីរដ្ឋមួយចំនួនទៀត ។ តែទោះជាយ៉ាងណា លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ប្រាប់សារព័ត៌មាន KHMER CM នៅថ្ងៃទី ៨ ខែកុម្ភៈនេះថា ការបញ្ចប់ដំណែង លោក ឈឺន សុធន ពី អភិបាលស្រុកបសេដ្ឋ ព្រោះបុគ្គលម្នាក់នេះ មានរឿងអាស្រូវជាច្រើនករណី មិនមែនដូចការចុះផ្សាយពីសារព័ត៌មាននានាថា ជាប់ពាក់ព័ន្ធលក់ដីបឹងរដ្ឋនោះទេ ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ

ជាមួយគ្នានេះ លោក អភិបាលខេត្តរូបនេះ ក៏មិនបានបញ្ជាក់ប្រាប់ឈ្មោះបុគ្គល ដែលនឹងទៅទទួលតំណែងថ្មីជាអភិបាលស្រុកបសេដ្ឋនេះដែរ ព្រោះបច្ចុប្បន្ន លោក កំពុងរៀបចំអនុក្រឹត្យថ្មី ។ លោកបញ្ជាក់ថា នៅពេលដែលអនុក្រឹត្យថ្មីនេះ ចេញរូបរាង្គ នឹងដឹងហើយ បុគ្គលណាមួយនោះ។

ទោះជាបែបនេះក្តី តាមសារព័ត៌មាននានា ចុះផ្សាយថា អភិបាលស្រុកបសេដ្ឋ លោក ឈឺន សុធន ត្រូវបានរដ្ឋបាលខេត្តកំពង់សម្រេចស្នើរដកដំណែង ក្រោយពីមានការព្រមានផ្អាកជាបណ្តោះអាសន្ននូវមុខងាររបស់លោកដែលពាក់ព័ន្ធនឹងករណីលក់ដីអាងទឹកតាដែង តានួន របស់រដ្ឋប្រមាណជាង ១៦០ហិកតា ដោយខុសច្បាប់។

បើយោងតាមស្មារតីនៃអង្គប្រជុំបន្ទាន់របស់គណបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗ អ្នកជំនួស លោក ឈឺន សុធន គឺបេក្ខភាពអភិបាលរងមួយរូបដែលកំពុងបម្រើការងារក្នុងស្រុកនេះដែរ គឺ លោក សំអឿន សុបញ្ញា អតីតអភិបាលរងស្រុកបសេដ្ឋ។

សូមរំលឹកថា អភិបាលស្រុកបសេដ្ឋ លោក ឈឺន សុធន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) រកឃើញថា មានការជាប់ពាក់ព័ន្ធនឹងការលក់ដីអាងទឹករបស់រដ្ឋដែលមានទំហំរហូតដល់ទៅ ១៦៥ហិកតា ទៅឱ្យឈ្មួញវិនិយោគលើអាងទឹកនេះ។

លោក ឈឺន សុធន អភិបាលស្រុកបសេដ្ឋ

លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានផ្ញើរលិខិតជូន លោក ឈឺន សុធន អភិបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ឱ្យចាត់ចែងចំពោះមុខ ដោយឱ្យលោកស្រី វន់ ឈើវិនគីអាសាយណាវ ផ្អាកសកម្មភាពក្នុងការប្រមូលទិញដីដោយខុសច្បាប់ ដោយមាន លោក ស៊ិនន សារុន នាយករដ្ឋបាលជាអ្នករៀបចំយកដីរបស់រដ្ឋដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។

អង្គភាពប្រឆាំងអំពើពុករលួយក៏បានស្នើឱ្យ លោក ស៊ិន សារុន នាយករដ្ឋបាលដែលបានចម្លងដៃម៉ារីវេនបើកទំនប់ទឹកពីឆ្មាំយាមទំនប់ ក្នុងការបើកទឹកពង្រីងបង្ខះទឹកក្នុងទំនប់ដើម្បីធ្វើការវាស់វែងយកដីលក់ ឱ្យបញ្ឈប់ និងប្រគល់ដៃម៉ារីវេនចម្លងនេះទៅឱ្យសាលាស្រុកបសេដ្ឋរក្សាទុកវិញ។ ជាមួយនោះក៏ស្នើឱ្យលោកអភិបាលស្រុក បញ្ឈប់រាល់សកម្មភាពទាំងអស់ខាងជាបន្ទាន់ ព្រោះទង្វើនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ៕ ដោយ៖ ពុទ្ធិពល