ភ្នំពេញ៖ គម្រោងសាងសង់ស្ពានអាកាសព្រះមុនីវង្ស ដែលជាស្ពានអាកាសមានរង្វង់មូលលើអាកាសដំបូងគេនៅកម្ពុជា បានបញ្ចប់ការខួងនិងចាក់បេតុង ២៥ ដើមលើការខួងគ្រឹះស្ពានដែលទាំងអស់មានចំនួន ២១៩ ដើម ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញថ្លែងថា បច្ចុប្បន្ននេះ ក្រុមហ៊ុនទើបនឹងបានបញ្ចប់ការខួងនិងចាក់បេតុងប្រមាណ ២៥ដើម លើ ២១៩ដើម ស្មើនឹង ១១.៤១% ។
លោកបន្តថា ចំពោះមុខ គឺការដ្ឋានកំពុងមានសកម្មភាពនៅលើផ្លូវ៦០ ម៉ែត្រ នៅតំបន់ N1 បានខួងគ្រឹះរួចរាល់ចំនួន ២២ដើម និងនៅតំបន់ N2 កំពុងរៀបចំការដ្ឋានដើម្បីធ្វើការខួងគ្រឹះបន្ត។
លោកបន្ថែមថា ចំពោះនៅលើផ្លូវព្រះមុនីវង្ស នៅតំបន់ N3 ក្រុមបច្ចេកទេសបានធ្វើការខួងគ្រឹះបានចំនួន ៣ដើម និងរង់ចាំការដោះស្រាយផលប៉ះពាល់ ដើម្បីបន្តការងារទៀត។ ដោយឡែកនៅលើផ្លូវ២៧១ ពុំទាន់បានចូលសាងសង់នៅឡើយនោះទេ។
គម្រេោងសាងសង់ស្ពានអាកាសព្រះមុនីវង្ស គឺដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ស្ពានអាកាសនេះ សាងសង់ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។
ស្ពានអាកាសទាំងនេះទទួួលការ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC គ្រោងចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ៕ ដោយ៖ ពុទ្ធិពល