ទូតថៃ ៖ ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា-ថៃ នឹងកើនឡើង

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ឈើតគាត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ការផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ នឹងកើនឡើងបន្ថែមទៀត បន្ទាប់ពីជំងឺកូវីដ-១៩ បានធូរស្បើយ ព្រមទាំងបើកច្រកព្រំដែនឡើងវិញផងដែរ។

លោកឯកអគ្គរាជទូតគូសបញ្ជាក់ថា «បន្ទាប់ពីជំងឺកូវីដ-១៩បានធូរស្បើយ ប្រទេសទាំងពីរបានបើកព្រំដែន សម្របសម្រួលការធ្វើដំណើរវាងប្រជាជន ជាពិសេសការចាប់ផ្តើមធ្វើពាណិជ្ជកម្មតាមព្រំដែន នៃប្រទេសទាំងពីរឡើងវិញ សង្ឃឹមថា ការផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ នឹងមានការកើនឡើងបន្ថែមទៀតនៅឆ្នាំខាងមុខនេះ។ ជាមួយគ្នានេះ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ក៏នឹងត្រូវបានពង្រឹងពង្រីកបន្ថែមទៀតផងដែរ»។

ឯកអគ្គរាជទូតបន្តថា តាមរយៈបេសកកម្មការទូតរបស់លោក នឹងខិតខំអនុវត្តឲ្យសម្រេចបានសមិទ្ធផលថ្មីៗ ដែលរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងសភា រដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរកាន់តែល្អប្រសើរថែមទៀត។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ទូតកម្ពុជាប្រចាំប្រទេសថៃ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានជាង៩ពាន់លានដុល្លារ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២ កើនឡើងជាង២៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ការនាំចេញកម្ពុជាទៅថៃ សម្រេចបានទឹកប្រាក់ជាង១ពាន់លានដុល្លារបានកើនឡើងជាង២៧% ខណៈការនាំចូលពីថៃ សម្រេចបានទឹកប្រាក់ជាង៨ពាន់លានដុល្លារ កើនឡើងជិត២៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១៕ ដោយ៖ រិន ចំរើន