គណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជា ទទួលជួបពិភាក្សា ជាមួយអ្នកសម្របសម្រួលអង្គការសហប្រជាជាតិថ្មី

ភ្នំពេញ៖ ប្រធានគណៈកម្មការធិការសិទ្ធិមនុស្សកកម្ពុជា លោក កែវ រ៉េមី ទទួលជួបពិភាក្សាការងារជាមួយ លោក ចូ សូយ័រ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិដែលមកកាន់តំណែងថ្មីរបស់អង្គការសហប្រជាជាតិប្រចំាកម្ពុជា ជំនួសស្រី ប៉ូលីន ថាំមីស៊ីស ដែលចប់អាណត្តិ។

នៅក្រោយជំនួបពិភាក្សាកាលពីថ្ងៃទី ៦ ខែកុម្ភៈ លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថ្លែងប្រាប់សារព័ត៌មាន KHMER CM ថា លោក ចូ សូយ័រ គ្រាន់តែមកពិភាក្សា និង សម្តែងការគួរសមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាស្ថាប័នរបស់រាជរដ្ឋាភិបាលដែលមានកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ។

លោកបន្តថា ក្នុ្ងងកិច្ចពិភាក្សា និងសម្តែងការគួរសមនេះ លោក ចូ សូយ័រ មានបានវាយតម្លៃខ្ពស់រវាង គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យអង្គការសហប្រជាជាតិ ជាពិសេស ការិយាល័យឧត្តមស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សប្រចំានៅកម្ពុជា ដែលបានធ្វើការសហការគ្នាល្អនាពេលកន្លងមកដោយផ្អែកទៅលើការបណ្តុះបណ្តាល និងការផលិត ធនធានមនុស្សនៅគណៈកម្មធិការសិទ្ធិមនុស្សកម្ពុជា​ កិច្ចសហការលើបទដ្ឋានគតិយុត្តិ កិច្ចប្រតិបត្តិការពាក់ព័ន្ធទៅនឹងការសរសេររបាយការណ៍ ក៏ដូចជាការការពាររបាយការណ៍ និងការផ្សព្វផ្សាយនូវអនុសាសន៍ផ្សេងៗ ដែលទទួលបានពីអង្គការសហប្រជាជាតិពាក់ព័ន្ធនឹង សិទ្ធិមនុស្ស។

លោកថ្លែងថា៖ «អីចឹងទេ!គាត់វាយតម្លៃខ្ពស់ពីកិច្ចសហប្រតិបត្តិការ ហើយនឹង គាត់ជំរុញឱ្យបន្តនូវកិច្ចសហប្រតិបត្តិការនេះ បន្តទៅទៀត»។

លោក ជិន ម៉ាលីន បន្ថែមថា លោក ចូ សូយ័រក៏បានជំរុញការលើកទឹកចិត្ត ឱ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើការជាមួយនឹងអង្គការសហប្រជាតិ និងជាមួយស្ថាប័នផ្សេងៗទៀត របស់អង្គការសហប្រជាតិ ប្រសិបើចង់បានជំយបច្ចេកទេស និងការគាំទ្រ ផ្សេងៗ ដែលអង្គការសហប្រជាជាតិ អាចផ្តល់ឱ្យបានពាក់ព័ន្ធនឹងការងារសិទ្ធិមនុស្សក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងការការពារសេរីភាព និងសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជា៕ ដោយ៖ ពុទ្ធិពល