ភ្នំពេញ៖ គណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភាបានសម្តែងនូវការគាំទ្រទៅលើសេចក្តីព្រាងច្បាប់គ្រប់គ្រងទឹកស្អាតទាំងស្រុង នឹងបញ្ចូនសេចក្តីព្រាងច្បាប់នេះទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដាក់ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខនេះ។
ការគាំទ្រនេះ ធ្វើឡើង ក្នុងកិច្ចប្រជុំពិភាក្សារវាងលោកស្រី និន សាផុន ប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩)និង លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។
លោកស្រីបន្តថា គណៈកម្មការរដ្ឋសភាយល់ឃើញថាច្បាប់នេះគឺជាមូលដ្ឋានដ៏សំខាន់ដែលអាចទ្រទ្រង់ និងត្រូវឆ្លើយតបទៅនឹងសន្ទុះអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា ដែលមានការរីកចម្រើនជាលំដាប់ឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសចាប់ពីដំណាក់កាលនៃការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកស្រីថ្លែងថា « ការផ្គត់ផ្គង់ទឹកស្អាតគឺជាអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំងបួននៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលអាណត្តិទី៦ ដែលរួមមាន មនុស្ស ផ្លូវ ភ្លើង និងទឹក»។
ជាមួយគ្នានេះលោកស្រីបានវាយតម្លៃខ្ពស់ចំពោះរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបាននិងកំពុងខិតខំអនុវត្តភារកិច្ចជំនាញយ៉ាងសកម្មក្នុងការអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលទទួលបានលទ្ធផលគួរជាទីមោទនៈ ពិសេសការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីរួមចំណែកអនុវត្តវិធានភារ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិថែមទៀត ឈានទៅសម្រេចបានគោលដៅនៃចក្ខុវិស័យកម្ពុជា ២០៣០-២០៥០ និងស្របតាមទិសដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកស្រីបន្តថា «សេចក្តីព្រាងច្បាប់នេះ បានរៀបចំឡើងត្រឹមត្រូវតាមបទប្បញ្ញត្តិដូចមានចែងក្នុងមាត្រា៩១ នៃរដ្ឋធម្មនុញ្ញ និងប្រការ២១ថ្មី នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងបានរៀបចំឡើងស្របតាមសារាចរលេខ០៣ សរ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ ស្តីពីការអនុវត្តគោលការណ៍ណែនាំអំពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតរបស់រាជរដ្ឋាភិបាល»។
លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងដែរថា សេចក្តីព្រាងច្បាប់នេះ បានផ្តល់សារៈសំខាន់ក្នុងការកំណត់គោលការណ៍ជាមូលដ្ឋានលើការជំរុញសក្តានុពលនៃការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រលើវិស័យទឹកស្អាតដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន សំដៅលើកស្ទួយសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងប្រសិទ្ធភាពលើការជំរុញល្បឿនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ លើសពីនេះក៏បានរួមចំណែកផ្តល់នូវអត្ថប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធ ដែលកំពុងទទួលបាននាពេលបច្ចុប្បន្ននិងពេលអនាគតដូចជា៖ ប្រជាជនមានឱកាសកាន់តែច្រើនក្នុងការទទួលបាននូវសេវាផ្គង់ផ្គង់ទឹកស្អាត ប្រកបដោយ គុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ដើម្បីលើកកម្ពស់សុខុមាលភាពសាធារណៈ វិនិយោគជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ នឹងទទួលបាននូវទំនុកចិត្តនិងភាពកក់ក្ដៅ លើការធ្វើពិពិធកម្មវិនិយោគ រួមទាំងការផ្ដល់ហរិញ្ញប្បទានគាំទ្រនូវនិរន្តរភាពក្នុងការអភិវឌ្ឍវិស័យទឹកស្អាត ជាពិសេសប្រតិបត្តិករដែលកំពុងធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត ក៏ទទួលបាននូវសិទ្ធិនិងកិច្ចការពារពេញលេញតាមផ្លូវច្បាប់៕ ដោយ៖ ពុទ្ធិពល