ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអះអាងប្រាប់ទូតជប៉ុនថ្មីថា កម្ពុជាកំពុងក្លាយជាគោលដៅទេសចរណ៍ ដ៏មានសុវត្ថិភាពជាទីបំផុត ដោយសារកម្ពុជា មានសុខសន្តិភាពពេញលេញ។
នាឱកាសអញ្ជើញទទួលជួបលោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងក្នុងក្របខណ្ឌសហប្រតិបត្តិការអន្តរជាតិ។
សម្តេចបញ្ជាក់ថា «បច្ចុប្បន្នប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ និងកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាពជាទីបំផុត។
សម្តេចមានជំនឿថា លោកឯកអគ្គរាជទូតនឹងធ្វើជាស្ពានចម្លងនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ។ សម្តេច ក៏ត្រៀមខ្លួនជានិច្ច ក្នុងការធ្វើសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយ លោកឯកអគ្គរាជទូត ក៏ដូចជាស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា ដើម្បីរួមចំណែកដល់ការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបតិ្តការរវាងប្រជាជន និងប្រទេសទាំងពីរ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទាំងពេលបច្ចុប្បន្ន និងពេលអនាគត។
ឆ្លៀតឱកាសនោះដែរ លោកឯកអគ្គរាជទូត ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសភា នៃប្រទេសទាំងពីរ ជាកត្តាដ៏សំខាន់សម្រាប់ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឈានដល់កម្រិតដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ៕ ដោយ៖ រិន ចំរើន