ភ្នំពេញ ៖ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) សម្តេច ស ខេង បានឱ្យមន្ដ្រីក្រោមឱវាទសិក្សាស្រាវជ្រាវបង្កើតច្បាប់ដាក់បន្ទុកដល់ជនបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អនីតិជន ដើម្បីឱ្យពួកគេត្រូវទទួលខុសត្រូវចិញ្ចឹមបីបាច់រក្សារហូតដល់អាយុ ១៨ឆ្នាំ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ សម្ដេច ស ខេង បានអំពាវនាដល់បណ្ដាក្រុមហ៊ុនដឹកជញ្ជូន កុំដឹកលើសទម្ងន់ នាំឱ្យផ្លូវថ្នូឆាប់ខូច ឬបង្កគ្រោះថ្នាក់ចរាចរណ៍ជាដើម។
សម្ដេចបញ្ជាក់ថា «ខ្ញុំ មើលព័ត៌មាននៅសហរដ្ឋអាមេរិក អ្នកបើកបរបង្កគ្រោះថ្នាក់ ទៅដល់រងទុក្ខជាអ្នកអនីតិជន អ្នកនោះឯង ត្រូវទទួលខុសត្រូវចិញ្ចឹមបីបាច់ ថែរក្សា រហូតដល់អាយុ ១៨ឆ្នាំ សូមឱ្យ ឯកឧត្តម-លោកជំទាវ ត្រូវស្រាវជ្រាវករណី ហើយក៏ជាជំនួយស្មារតីមួយដែរ ដើម្បីដាក់ទោស ឬក៏ដាស់តឿន ទៅដល់អ្នកបើកបរឱ្យមានការប្រុងប្រយ័ត្នខ្ពស់»។
សូមរំលឹកថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ បានកើតឡើងចំនួន ២,៩៧៦លើក បណ្តាលឱ្យស្លាប់ចំនួន ១.៧០៩នាក់ និងរបួសចំនួន ៤.០២៦នាក់ (របួសធ្ងន់ ២,៥៧៩នាក់)។មូលហេតុបណ្តាលឱ្យ មានគ្រោះថ្នាក់ ដោយសារបើកបរលើសល្បឿនកំណត់៣៩% មិនគោរពសិទ្ធិ២៤% មិនប្រកាន់ស្តាំ១១% វ៉ាជែង១០% បត់៩% ស្រវឹង៤% កត្តាយានយន្ត៣% និងងងុយ១%៕ ដោយ៖ រិន ចំរើន