ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានអំពាវានាវដល់គ្រិស្តបរិស័ទទាំងអស់ ចូលរួមថែរក្សាសន្ដិភាព ព្រោះគ្មានសកម្មភាពសាសនាណាមួយ នៅលើប្រទេសមានសង្គ្រាមឡើយ។
ក្នុងឱកាសអបអរសាទរខួប១០០ឆ្នាំ នៃគ្រិស្តសាសនា «មរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣)» នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោបានថ្លែងថា កុំនាំគ្នាចាប់បង្ខំឱ្យអ្នកនេះ ជឿសាសនានោះ ឬនិកាយនេះ ឬនិកាយនោះ ដោយមិនអាចទៅរួច។ ដើម្បីបុព្វហេតុជាតិ និងប្រជាជន រាជរដ្ឋាភិបាល បានគាំពារគ្រប់សាសនាទាំងអស់នៅកម្ពុជា ហើយបានផ្តល់សិទ្ធិសេរី ភាពយ៉ាងទូលំទូលាយដល់គ្រប់សាសនា។
សម្ដេចតេជោបន្ដថា ថ្ងៃ៧ មករា មិនត្រឹមឱ្យរស់ជីវិតមនុស្សប៉ុណ្ណោះទេ ក៏ប៉ុន្ដែបានធ្វើឱ្យរស់ឡើងវិញ នៅគ្រប់សាសនាទាំងអស់ រាប់ទាំងគ្រិស្តសាសនាផងដែរ។ សម្ដេចថា សន្ដិភាពដែលកម្ពុជារកបាន ដោយលំបាកនោះ មិនមែនសម្រាប់ព្រះពុទ្ធសាសនា ឬសម្រាប់អ្នកណាមួយនោះទេ គឺប្រជាពលរដ្ឋគ្រប់រូប ទទួលបានផលប្រយោជន៍ពីសន្ដិភាព តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ។
សម្ដេចតេជោ បញ្ជាក់ថា «យើងត្រូវរួមគ្នា ដើម្បីថែរក្សាសន្ដិភាពដែលយើងរកបានដោយលំបាកនេះ ហើយពាក្យអរគុណសន្ដិភាព បាននិងកំពុងលឺទូទាំងព្រះរាជាណាចក្រកម្ពុជា។ តើអ្នកទាំងអស់គ្នានៅទីនេះ ទោះបីមានចំនួនមិនច្រើន ដូចព្រះពុទ្ធសាសនា ប៉ុន្ដែអ្នកទាំងអស់គ្នា បាននិងកំពុងឃើញអ្នកដែលកាន់គ្រិស្តសាសនានៅប្រទេសអ៊ុយក្រែនឬទេ? ហើយតើបានឃើញសោកនាកម្មដែលបានកើតចំពោះប្រទេសដែលមានសង្គ្រាម ហើយក្នុងនោះ គ្រិស្តសាសនា ក៏បានរងទុក្ខវេទនាផងដែរ»។
សម្ដេចតេជោបន្ថែមថា សម្រាប់កម្ពុជា នៅក្រោមម្លប់នៃសន្ដិភាពដែលនិងកំពុងទទួលផលពីសន្ដិភាពនេះ ត្រូវប្រើប្រាស់ឱ្យអស់សក្កានុពលនៃសន្ដិភាព ដើម្បីធានាដល់ការអភិវឌ្ឍរបស់កម្ពុជា៕ ដោយ៖ រិន ចំរើន